ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បង្ហាញពីដំណើរការដាក់របាំងចែកទ្រូងផ្លូវ មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) កំពុងដំណើរការយ៉ាងសកម្ម និងត្រូវបញ្ចប់ការដាក់របាំងរួចរាល់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ៖ ដំណើរការដាក់របាំងពុះចែកទ្រូងផ្លូវ ចាប់ផ្តើមកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយត្រូវបានចែងជាពីរប្រភេទ៖ ១). របាំងដែកចែកទ្រូងផ្លូវ ចាប់ពីគល់ស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ដោយកំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គ.ម/ម៉ោង ២). របាំងបេតុងចែកទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ២ ដោយកំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៦០ គ.ម/ម៉ោង។
ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តថា ៖ ទន្ទឹមនឹងការដាក់របាំងចែកទ្រូងផ្លូវ ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន នៅបន្តអ៊ុតគំនូសចរាចរណ៍ ដោយគូសគំនូសបែកចែកគន្លងរថយន្ត គន្លងទោចក្រយានយន្ត ព្រមទាំងដំឡើងផ្លាកសញ្ញាចរាចរណ៍បន្ថែមផងដែរ៕
ដោយ ៖ សិលា