រឿង នៅពីក្រោយសំឡេងច្រៀង(តចប់)

ចែករំលែក៖

ចាប់តាំងពីកងឈ្លបចាកចេញទៅ ម្ដាយរបស់ខ្ញុំគិតតែយំមិនព្រមហូបបាយទឹកទេ ហើយមិនព្រមទៅធ្វើការដែរ។ អ្នកជិតខាងដែលនៅក្បែរគ្នានោះ បារម្ភពីគាត់ណាស់ ចេះតែជួយលួងលោមឲ្យគាត់ត្រឡប់ទៅធ្វើការវិញទៅ ហើយឈប់យំយែកទៀត ព្រោះខ្លាចអង្គការយកទៅធ្វើបាប។ ប្រពន្ធប្រធានភូមិបានមកជួបម្ដាយរបស់ខ្ញុំ ហើយបានជួយនិយាយលួងលោមថា គាត់បានជួយនិយាយជាមួយកងឈ្លបរឿងខ្សែកនោះហើយ។ ឮដូច្នេះហើយម៉ាក់បានធូរស្បើយចិត្តត្រឡប់ទៅធ្វើការវិញហើយផ្តែផ្តាំឱ្យប្រធានភូមិជួយរកបន្តោងខ្សែកនោះមកឲ្យវិញផង។ ទោះបីដូច្នោះក្តីកងឈ្លបនោះបានប្រាប់ប្រពន្ធប្រធានភូមិថាចាំ ២០ ថ្ងៃទៀតនឹង មកចាប់ម្ដាយរបស់ខ្ញុំយកទៅរៀនសូត្រហើយ។
ទើបតែបានជាង ១០ ថ្ងៃក្រោយមេឃមិនទាន់ទាំងភ្លឺស្រួលបួលផង សូរសំឡេងផ្ទុះផូងៗ ឮតៗគ្នាអត់ដាច់។ ប្រជាជននៅក្នុងភូមិចាប់ផ្ដើមជ្រួលច្របល់ចេញមកជួបជុំគ្នាហើយខ្សឹបខ្សៀវគ្នា។ បានមួយសន្ទុះ ពួកខ្មែរក្រហមក៏ចេញមកប្រកាសប្រាប់ថា ឲ្យសមមិត្តទាំងអស់នាំគ្នារៀបចំអីវ៉ាន់ហើយចេញដំណើរទៅទិសខាងលិច ដ្បិតអីពួកវៀតណាមចូលស្រុកហើយ ដូច្នេះពួកយើងមិនអាចនៅទីនេះបានទៀតទេ។
ស្នូរកាំភ្លើងកាន់តែឮច្បាស់ទៅៗ រីឯម្ដាយរបស់ខ្ញុំក្រោយពីរៀបចំបង្វិចខោអាវរួច ក៏ចាប់ផ្តើមឆ្លេឆ្លា ព្រោះនឹកឃើញកូនប្រុសរបស់គាត់ដែលនៅត្រើយម្ខាងទៀត។ សូរសំឡេងតឿនប្រជាជនក៏ចេះតែឮបន្តគ្នាជាហូរហែថា លឿនឡើងៗ ពួកវៀតណាមចូលស្រុកហើយ ឆាប់ទៅៗ ខ្មាំងចូលស្រុកហើយ។ ម្ដាយរបស់ខ្ញុំភ័យពេក ក៏ផ្ដាំប្រាប់ខ្ញុំឲ្យនៅចាំគាត់ក្នុងផ្ទះនេះកុំទៅណាឱ្យសោះ។ ម្ដាយរបស់ខ្ញុំនឹងឆ្លងទៅត្រើយម្ខាងទៅរកបងរបស់ខ្ញុំ។ ផ្ដាំផ្ញើរួចហើយ ម្ដាយរបស់ខ្ញុំក៏ឆ្លងស្ទឹងទៅជាមួយអ៊ំម្នាក់ទៀតដែលមានកូននៅត្រើយម្ខាងដែរ។ចំណែកខ្ញុំ ដោយភ័យខ្លាចផង និងនៅចាំម្ដាយផង ក៏រត់ចូលទៅពួននៅក្នុងផ្ទះមិនហ៊ានចេញទៅណាទេ ទម្រាំពួកគាត់ត្រឡប់មកដល់ផ្ទះវិញ។
ក្រុមគ្រួសាររបស់ខ្ញុំបានជួបនឹងអ៊ំៗក្រុមអ្នកឡើងត្នោតប្រហែល ១០ គ្រួសារដែលមិនចេញទៅណាតាមគេទេ។ ពួកគាត់ក៏បបួលម្ដាយរបស់ខ្ញុំចេញជញ្ជូនឥវ៉ាន់ដាក់ទូកធំមួយជាមួយគ្នាទៅតាមផ្លូវទឹកវិញ។ លុះដល់ទូកទៅជិតដល់តាសៀវវៀច ក្រុមអ្នកចុះទូកបានឃើញក្រុមខ្មែរក្រហមដែរ តែដោយសារពួកនោះកំពុងបាក់ទ័ព ទើបគ្មានខ្មែរក្រហមណាមកបង្ខំ ឬគំរាមកំហែងពួកយើងឱ្យរត់ទៅទេ។ ពេលទៅដល់តាសៀវវៀចស្នូរកាំភ្លើងដៃ និងគ្រាប់ផ្លោងបានស្ងប់ស្ងាត់បន្តិច។ ពួកយើងគិតគ្នាមិនរត់តាមខ្មែរក្រហមទេ រួចនាំគ្នាចុះទូកបណ្ដែតមកដល់កំពង់ថ្កូវវិញ។ យប់នោះស្ទើរតែគ្មាននរណាហ៊ានដេកទេ ព្រោះឮសូរឆ្កែលូផង ឮសូរគ្រាប់ផ្លោងផាំងៗផង។ ចាស់ៗ នាំគ្នាជួបជុំគ្នារួចនិយាយថា ” បែកហើយយើង អាពតបែកហើយ ” ។ អារម្មណ៍នោះភ័យផង អរផងយើងមិនដឹងថា ស្ថានការណ៍បន្តទៀតវានឹងទៅជាយ៉ាងណាទេ។
ស្រាប់តែព្រឹកឡើង មានប្រជាជនមួយចំនួននាំគ្នារត់មកពីភាគខាងលិចវិញហើយស្រែកប្រាប់ថា មិត្តអើយ!យួនចូលស្រុកហើយ! វៀតណាមរំដោះហើយ!ឈប់មានអាពតហើយ! យើងបានទៅផ្ទះវិញហើយ! យើងបានទៅស្រុកកំណើតវិញហើយ! ។ គ្រាន់តែឮដូច្នេះ ម្នាក់ៗសែនត្រេកអរដូចទើបតែស្លាប់ហើយរស់ឡើងវិញអ៊ីចឹង។ យើងនាំគ្នាកិនស្រូវ កិនអង្ករ គគ្រឹកគគ្រេង។អ្នកភូមិនាំគ្នាយកស្រូវ អង្ករ មកទុកហើយអ្នកខ្លះ បានអំបិលបានស្ករ ត្រីសាច់ និងចានឆ្នាំងដែរ យកមកចែកគ្នាហូប។
* ក្រុមគ្រួសាររបស់ខ្ញុំត្រឡប់មកផ្ទះវិញ
លុះសភាពការណ៍បានស្ងប់ស្ងាត់ល្អវិញហើយ ពួកយើងបានត្រឡប់មករស់នៅក្នុងភូមិក្រឡាញ់វិញ។ នៅក្នុងភូមិមានទាំងប្រជាជនចាស់ និងប្រជាជនថ្មីរស់នៅជាមួយគ្នា។ ផ្ទះសម្បែងនិងដីធ្លីរបស់យើងត្រូវបានប្រជាជនផ្សេងយកអស់ខ្លះបាត់ទៅហើយ។ដោយមិនចង់មានរឿងរ៉ាវគ្រួសាររបស់ខ្ញុំនាំគ្នាទៅរស់នៅលើដីមួយកន្លែងផ្សេងទៀតដែលមិនទាន់មានម្ចាស់ ហើយចាប់ផ្ដើមប្រកបរបររកស៊ីចិញ្ចឹមជីវិតឡើងវិញ។
ពេលនោះ ម្ដាយរបស់ខ្ញុំចាប់ផ្ដើមរបរលក់នំបញ្ចុកដើម្បីចិញ្ចឹមកូន។ មួយថ្ងៃហើយមួយថ្ងៃទៀត មួយខែហើយមួយខែទៀតយើងចេះតែសង្ឃឹមថានឹងបានជួបឪពុករបស់ខ្ញុំ និងបងៗទាំងពីរ ប៉ុន្តែយើងមិនដែលបានទទួលដំណឹងអ្វីសោះពីឪពុកនិងបងទាំងពីររបស់ខ្ញុំ។
ក្រោយពីរបបខ្មែរក្រហមបានដួលរលំ យើងមិនដែលអស់សង្ឃឹមទេ ទោះបីជាយើងបានទទួលដំណឹងថា ទាហានដែលធ្លាប់បានទៅស្រុកសៀមត្រូវបានខ្មែរក្រហមយកមកសម្លាប់ចោលនៅតាមផ្លូវក៏ដោយ។ លុះប្រហែលជា ៣ ឆ្នាំក្រោយមកយើងបានទទួលដំណឹងតាមរយៈមីងម្នាក់ដែលធ្លាប់ស្គាល់គ្នាថា បងរបស់ខ្ញុំស្លាប់បាត់អស់ហើយ។កាលនោះមីងនោះបានជួបបងរបស់ខ្ញុំទាំងពីរនៅគល់ស្ពានជ្រោយចង្វារពេលខ្មែរក្រហមបណ្ដេញប្រជាជនចេញពីទីក្រុង។ គាត់បានបបួលបងរបស់ខ្ញុំមកជាមួយគ្រួសារគាត់ដែរ តែបងរបស់ខ្ញុំមិនដាច់ចិត្តរត់ចោលមាដែលគាត់ធ្លាប់រស់នៅជាមួយ។ក្រោយពីវៀតណាមរំដោះបានមីងនោះបានដំណឹងថា គ្រួសាររបស់មា និងអ្នកនៅជាមួយគាត់ត្រូវបានគេយកទៅសម្លាប់ចោលអស់ទៅហើយ។ មុនដំបូងខ្មែរក្រហមសម្លាប់បងទី ១ របស់ខ្ញុំដែលជានិស្សិតពេទ្យទើបនឹងប្រលងជាប់ទៅរៀននៅអាមេរិក។បន្ទាប់មកខ្មែរក្រហមសម្លាប់បងស្រីទី ២ ដែលធ្វើជាគ្រូបង្រៀន ហើយចុងក្រោយខ្មែរក្រហមសម្លាប់គ្រួសាររបស់មាមួយគ្រួសារតែម្ដង។

ចូលដល់ឆ្នាំ ១៩៨៩ ម្ដាយរបស់ខ្ញុំបានទៅជួបអ៊ំហ៊ីង ដែលបានរៀបការជាមួយស្ត្រីថៃនៅក្នុងប្រទេសថៃតាំងពីមុនពេលពុករបស់ខ្ញុំចូលធ្វើការម៉្លេះ ព្រោះគាត់ដឹងពីដំណឹងឪពុករបស់ខ្ញុំ។ អ៊ំហ៊ីងបានប្រគល់ខ្សែកមួយខ្សែដែលជារបស់ឪពុករបស់ខ្ញុំឲ្យមកម្ដាយរបស់ខ្ញុំ។ ពេលម្ដាយរបស់ខ្ញុំឃើញខ្សែកនោះគាត់អាចដឹងពីជោគវាសនារបស់ឪពុករបស់ខ្ញុំហើយ។ អ៊ំហ៊ីង បានប្រាប់ម្ដាយរបស់ខ្ញុំថា គាត់ព្យាយាមឃាត់ដំណើរឪពុករបស់ខ្ញុំដែរ តែគាត់មិនស្ដាប់ហើយនៅតែរឹងរូសត្រឡប់មកស្រុកខ្មែរវិញ។ អ៊ំហ៊ីងរៀបរាប់ថា ខ្មែរក្រហមបានផ្ញើលិខិតទៅស្ថានទូតនៅប្រទេសថៃឲ្យបញ្ជូនទាហានខ្មែរដែលទៅរៀននៅថៃឲ្យត្រឡប់មកស្រុកវិញឲ្យអស់ ហើយឪពុករបស់ខ្ញុំបារម្ភពីប្រពន្ធកូនដែលរស់នៅស្រុកខ្មែរ ក៏ត្រឡប់មកវិញ។
ក្រោមពន្លឺព្រះខែនាយប់ពេញបូណ៌មី ម្តាយរបស់ខ្ញុំបានច្រៀងរាយទំនុកបន្តនូវបទ” ឱ!ភ្នំពេញអើយ” បំពេឲ្យខ្ញុំគេងរហូតលង់លក់ក្នុងសម័យដែលសន្តិភាពមានប្រាកដក្នុងដែនកម្ពុជា៕ (ចប់ដោយបរិបូណ៌)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print