ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលសង្កាត់ប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់សាធារណៈជន និងបណ្តាញសារព័ត៌មាន ឱ្យបានជ្រាបថា នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានគណនីហ្វេសបុក ឈ្មោះ MaLay yu0973329337 បានធ្វើ ការបង្ហោះជាវីដេអូរ ដែលសរសេរខ្លឹមសារថា៖ ជួយស៊ែអោយថ្នាក់លើៗឃើញផងបងប្អូន បញ្ជាក់ផ្សារកណ្តាល ប៉ោយប៉ែតទារពីប្រជាជន៦០ដុល្លារដំណាក់ទឹកភូមិកន៍គីរី៤០ដុល្លារយកចុះតែត្រឹមលូ១ តែ៥ម៉ឺនឬ៣ម៉ឺនបានហើយ ប្រជាជនក្រៗណាស់ ហើយសំទិញលូដាក់ខ្លួនឯងគេមិនអោយដាក់ដាច់ខាតត្រូវទិញលូនឹងតំលៃ ៤០ដុល្លារ ។
ក្នុងករណីនេះ រដ្ឋបាលសង្កាត់ប៉ោយប៉ែត សូមជម្រាបជូនថា៖ កន្លងមកមានប្រជាពលរដ្ឋរស់នៅ ភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានស្នើសុំមកអង្គភាពភូមិ សុំឱ្យអាជ្ញាធរជួយស្ថាបនា ផ្លូវថ្មមិកមួយខ្សែ ជូនពួកគាត់ក្នុងការធ្វើដំណើរឱ្យបានស្រួល ជាពិសេសមានការលំបាកខ្លាំងនៅរដូវវស្សា ក្រោយពីទទួលបាន ព័ត៌មាននេះអាជ្ញាធរភូមិ ក៏បានរាយការណ៍មកសង្កាត់ ហើយក្រុមការងារសង្កាត់បានចុះទៅភ្លាមៗ ដើម្បីពិនិត្យ មើលពីស្ថានភាពផ្លូវដែលប្រជាពលរដ្ឋស្នើសុំខាងលើ ។ បន្ទាប់ពីបានចុះពិនិត្យ និងសិក្សារួចមកគណៈកម្មការ អភិវឌ្ឍន៍សង្កាត់ ក៏បានឯកភាពគ្នាយកគ្រឿងចក្រទៅឈូសឆាយសម្រួលជូនជាបណ្តោះអាសន្ន និងបានកាយ ប្រឡាយរំដោះទឹកសងខាងផ្លូវ ដើម្បីកាត់សំណើមដីជាមុនសិន រួចទើបធ្វើការចាក់ថ្មមិក និងកៀរកិនជូនឱ្យបាន ស្អាត ក្នុងចន្លោះពេលនោះដែរ មានប្រជាពលរដ្ឋមួយចំនួនដែលមានលទ្ធភាពបានទំនាក់ទំនងជាមួយក្រុមហ៊ុន ដាក់លូ ដើម្បីដាក់លូខាងមុខផ្ទះរបស់គាត់ដោយមានការព្រមព្រៀងគ្នា ក្នុងតម្លៃលូមួយកង់ ថ្លៃ៤០ដុល្លារ រួមទាំង កម្លាំងពលកម្មផង ចំណែកប្រជាពលរដ្ឋដែលពុំទាន់មានលទ្ធភាព ពួកគាត់បានធ្វើជាស្ពានឆ្លងដោយរក្សា ប្រឡាយរំដោះទឹកនៅដដែល ចំពោះការដាក់លូជាការព្រមព្រៀងរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋដោយពុំមានពាក់ ព័ន្ធជាមួយអាជ្ញាធរមូលដ្ឋាន ដូចគណនីហ្វេសប៊ុក ឈ្មោះ Malay yu0973329337 បានធ្វើការបង្ហោះជាវីដេអូរឡើយ។ ដូចនេះ សូមសាធារណៈជន និងបណ្តារសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា