លោក ម៉ាង ស៊ីណេត អញ្ជើញចែកអំណោយជូនពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ៧៤គ្រួសារ ក្នុងស្រុកកំពង់សីលា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមុិញ អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ចំនួន ៧៤គ្រួសារ មកពីឃុំចំនួន០២ ក្នុងស្រុកកំពង់សីលា នៅក្នុងបរិវេណវត្តចំប៉ា ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានការចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ មន្ត្រីសាខា អ្នកស្ម័គ្រចិត្តសាខា និងសប្បុរសជន។

លោក ឆាយ សុគន្ធដា ប្រធានអនុគណៈកម្មការធិការសាខាកាកបាទក្រហមស្រុកកំពង់សីលា បានធ្វើរបាយការណ៍សង្ខេប ស្តីពីខ្យល់កន្រ្តាក់កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំចំនួន០២ ចំនួន ៧៤គ្រួសារប៉ើងដំបូល ក្នុងនោះមានឃុំស្ទឹងឆាយ ១៣គ្រួសារ និងឃុំកំពង់សីលាចំនួន ៦១គ្រួសារ។

លោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ក្នុងឃុំចំនួនពីរ នៃស្រុកកំពង់សីលា ព្រមទាំងបានពាំនាំការសួរសុខទុក និងសេចក្តីនឹករលឹកពីសម្តេចកិ្តតិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ផ្នែកមនុស្សធម៌ និងបានធ្វើការណែនាំឱ្យសាខាខេត្ត យកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិគ្រប់រូបភាព។

ក្នុងឱកាសនោះ លោក ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានថ្លែងអំណរគុណប្រធានអនុសាខាកាកបាទក្រហមស្រុកកំពង់សីលា មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តរបស់យើងបានចូលរួមយ៉ាងសកម្មគ្រប់សកម្មភាពមនុស្សធម៌ជាស្មារតីទទួលខុសត្រូវ ព្រោះទីណាមានការលំបាក ទីនោះមានកាកបាទក្រហមនៅជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬគណបក្សនយោបាយនោះទេ។ ហើយអំណោយដែលបាននាំយកមកថ្ងៃនេះជួយសម្រួលជីវភាពខ្វះខាតរបស់បងប្អូនបានមួយគ្រា តែមិនអាចជួយបានមួយជីវិតនោះទេ។

លោកប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភា ក្នុងការជំរុញខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ និងបន្ត២០២៥ ក្នុងនោះសម្តេចបានធ្វើការផ្សព្វផ្សាយកម្មវិធីវិនិយោគទៅដល់អ្នកវិនិយោគក្នុង និងក្រៅប្រទេស ស្តីពីការអភិវឌ្ឍន៍ និងស្ថេរភាពនយោបាយរបស់កម្ពុជា ពិសេសគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ តំណាក់កាលទី១ ដោយផ្តោតសំខាន់ទៅលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
លោកប្រធាន បញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានកសាងសាលារៀន មន្ទីរពេទ្យ សាលាបច្ចេកទេសក្នុងការជួយបណ្តុះបណ្តាលដល់យុវជន ដូច្នេះសូមអាណាព្យាបាលត្រូវបញ្ចូនកូនចៅទៅរៀន ដើម្បីយកចំណេះដឹង ជំនាញឱ្យបានមួយក្នុងជីវិត សម្រាប់បំរើការងារនៅតាមរោងចក្រ សហគ្រាស ព្រោះកម្ពុជាត្រូវការកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈស្របតាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន និងបានធ្វើការណែនាំដល់ស្រ្តីមានផ្ទៃពោះ ត្រូវទៅទទួលសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ពេលពិនិត្យផ្ទៃពោះទទួលបានថវិកាថែមទៀតផង រហូតកុមារអាយុពីរឆ្នាំ ដើម្បីឱ្យកូនចៅរបស់យើងដែលកើតមកមានសុខភាពល្អ ដែលជាធនធានមនុស្ស និងជាទំពាំងស្នងឬស្សីក្នុងការចូលរួមចំណែកក៏សាង និងអភិវឌ្ឍប្រទេសជាតិ ទន្ទឹមនោះយើងជាយុវជនត្រូវដាក់គោលដៅក្នុងការខិតខំសិក្សារៀនសូត្រយកនិទ្ទេស A ឱ្យបាន ព្រោះនៅពេលយើងប្រឡងបាននិទ្ទេស A និងទទួលបានអំណោយពីអាជ្ញាធរខេត្ត និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុថែមទៀតផង ហើយសិស្សានុសិស្សនៅស្រុកកំពង់សីលារបស់យើងមានសមត្ថភាពក្នុងការចូលរួមប្រឡងនូវកម្មវិធីផ្សេងៗទទួលបានលទ្ធផលល្អ ហើយអាណាព្យាបាលចង់ឃើញកូនចៅរបស់ខ្លួនមានអនាគតល្អ ទន្ទឹមនោះក៏ត្រូវយកចិត្តទុកដាក់អំពីបញ្ហាគ្រុនឈាម សូមចូលរួមកម្ចាត់មូសក្លាទាំងអស់គ្នា ព្រោះរដូវនេះមានមុសច្រើន ត្រូវលុបបំបាត់ថ្លុកនៅជុំវិញផ្ទះ ដូចជាពាងទឹក សំបកកង់ឡាន ម៉ូតូ សំបកដូងជាដើម ដើម្បីកូនចៅរបស់យើងមានសុខភាពល្អ មិនមានជំងឺគ្រុនឈាម គ្រុនឈិ។

អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ចំនួន ៧៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ឃីតមួយ (សារុង១ ក្រមា១ មុង១ ភួយ១) និងថវិកា ៥០ ០០០រៀល។ បន្ទាប់មកឯកឧត្តម ក៏បានប្រគេនអង្ករ ៤បាវ មី៤កេស ត្រីខ៤យួរ ទឹកបរិសុទ្ធ៤កេស និងបច្ច័យមួយចំនួន ដល់ព្រះចៅអធិកាវត្តចំប៉ាផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print