ភ្នំពេញ៖ បន្ទាប់ពីក្រុមតំណាងរាស្រ្ត បក្សប្រឆាំងចូលរួមគាំទ្រសកម្មភាព ថ្ងៃ ចន្ទពណ៌ខ្មៅ និងមានក្រុមសកម្មជនដីធ្លីមួយចំនួនលើកទង់របស់អង្គការសហប្រជាជាតិក្នុងសកម្មភាព ថ្ងៃចន្ទពណ៌ខ្មៅរបស់ពួក គេផងនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពលខេមរ ភូមិន្ទបានថ្លែងទៅកាន់កងទ័ពថា កងទ័ពត្រូវតែទប់ស្កាត់ដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌ទោះក្នុងកាលៈទេសៈណាក៏ដោយ ។
ថ្លែងទៅកាន់នាយទាហានទីចាត់ការ ព័ត៌មានជិត៣០០នាក់នៅ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែង ប្រាប់កងទ័ពថា ត្រូវ សាមគ្គីគ្នាជាធ្លុងមួយ និងឯកភាពរឹងមាំក្នុងជួរកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ពិសេសថែរក្សាសន្តិភាព ដែល បានមកដោយលំបាក ។ នាយឧត្តម សេនីយ៍បន្តថា កងទ័ពត្រូវខិតខំប្រឹងប្រែងទ្វេឡើងថែមទៀតថែបំប៉នជាប្រចាំកត្តា សំខាន់ៗទាំងឡាយដែលជាឫសគល់នៃសន្តិភាព ។
លោកអគ្គមេបញ្ជាការរងកងយោធ ពលខេមរភូមិន្ទបានថ្លែងថា កងទ័ពក្តាប់ជាប់រាល់សភាពការណ៍ដែលកើតឡើងក្នុង សង្គម ត្រូវទប់ស្កាត់ដាច់ខាត មិនឲ្យមាន បដិវត្តន៍ពណ៌ណាមួយកើតឡើងនៅ កម្ពុជានោះទេ។ មិនថាបដិវត្តន៍ពណ៌កើតចេញតាមរូបភាពណាទេ កម្លាំងប្រដាប់ អាវុធយើងចាំបាច់ត្រូវធ្វើសកម្មភាព ដើម្បី ការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ ប្រជាពលរដ្ឋ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ គូស បញ្ជាក់ថា ឆ្លងកាត់ប្រវត្តិសាស្រ្តនៃរបត់ នយោបាយនិងសង្គ្រាមជាច្រើនទសវត្សរ៍កម្ពុជាមិនបានផ្តល់ឱកាសឲ្យកម្ពុជាអភិវឌ្ឍសង្គមជាតិឡើយ ផ្ទុយទៅវិញធ្វើឲ្យកម្ពុជាស្គាល់តែការវិនាសព្រាត់ប្រាសបាត់បង់អាយុជីវិតសង្គមជាតិលិចលង់ស្ទើរសាបសូន្យ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន រំលឹកថា អាស្រ័យដោយការបង្រួបបង្រួម ជាតិ និងការបញ្ចប់ជាស្ថាពរនូវអង្គការចាត់តាំងរបស់ខ្មែរក្រហម ព្រះរាជាណាចក្រ កម្ពុជាបានទទួលនូវសន្តិភាពទាំងស្រុង នាឆ្នាំ១៩៩៨។ នេះជាលើកដំបូងបង្អស់នៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយដែលកម្ពុជាដណ្តើមបានមកវិញនូវសន្តិភាព ដោយ សារនយោបាយឈ្នះ=ឈ្នះ របស់សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី១៥ ខែសីហា កន្លងទៅក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំង នៅកម្ពុជាដឹកនាំដោយលោក អេង ឆៃអ៊ាង បាននាំគ្នាដាក់ចេញយុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅ និងបានប្រកាសថា ពួកគេនឹង ចាប់ផ្តើមចូលរួមសកម្មភាពថ្ងៃចន្ទពណ៌ខ្មៅ ដោយធ្វើសកម្មភាពរៀងរាល់ថ្ងៃចន្ទ ។
ថ្ងៃចន្ទពណ៌ខ្មៅត្រូវបានបង្កើតឡើងដោយក្រុមអង្គការសង្គមស៊ីវិល កាលពី ខែឧសភា ក្រោមហេតុផលធ្វើសកម្មភាព ទាមទារឲ្យមានការដោះលែងមន្រ្តីអង្គ ការសិទ្ធិមនុស្សអាដហុក៤នាក់ និងមន្រ្តី អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត១រូប ដែលត្រូវបានឃុំខ្លួន ដោយចោទប្រកាន់ពីបទសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវផ្លូវភេទរបស់មេបក្សប្រឆាំង លោក កឹម សុខា និង ស្រីមុំ ។
មកដល់ពេលនេះសកម្មជន ដែលធ្វើការតវ៉ាគ្រប់រឿងនៅក្នុងសង្គម គឺអ្នកស្រី ទេព វណ្ណី និងអ្នកស្រី ប៊ូវ សោភា ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការ បន្ទាប់ពីពួកគេធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅភ្ជាប់ជាមួយការជីកកប់រូបត្លុក ជា ពិសេសមានការលើកទង់របស់អង្គការ សហប្រជាជាតិយ៉ាងច្រូងច្រាង ៕
ដោយ៖ សុខដុម