ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា រយៈពេល១៧ខែ នៃការដឹកនាំរបស់អ្នកបន្តវេន កំពុងធ្វើបានយ៉ាងល្អ ដោយរក្សាបានសុខសន្តិភាព ស្ថេរភាពសង្គម និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែល្អប្រសើរ ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត។
សម្តេចថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមើលឃើញថា ក្នុងរយៈពេល១៧ខែ នៃការដឹកនាំរបស់អ្នកបន្ដវេន បាននិងកំពុងធ្វើបានយ៉ាងល្អ ពិសេសការរក្សាបានទាំងស្រុងនូវសុខសន្ដិភាព ស្ថេរភាពនយោបាយ សង្គម និងជំរុញកំណើនសេដ្ឋកិច្ច បន្ដការអភិវឌ្ឍ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្រុមបន្ដវេនគេកំពុងបង្កើនល្បឿន ម្ខាងគឺរក្សាសន្ដិសុខភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ពិសេសសន្ដិភាព ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ ម្ខាងទៀត ធានាដល់ការអភិវឌ្ឍជាបន្ដ កំណើនសេដ្ឋកិច្ច ក្នុងឆ្នាំបន្ដវេនក៏មានជាង៥.៦ភាគរយ កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ២០២៤កន្លងទៅ ក៏មាន៦ភាគរយដែរ ហើយឆ្នាំនេះអាចមានកំណើនលើស ក្នុងរយៈពេល១៧ខែមកនេះ គ្មានការភ័យខ្លាចណាមួយក្នុងការបាត់បង់សន្ដិភាពទេ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា, បើទោះបីក្រោយសម្ដេចចូលគាល់ព្រះមហាក្សត្រ និងប្រកាសជាសាធារណៈអំពីការចុះចេញពីតំណែងជានាយករដ្ឋមន្ដ្រី មានការព្រួយបារម្ភអំពីស្ថានភាពរបស់ប្រទេសកម្ពុជា ប៉ុន្ដែនៅពេលនេះ រយៈពេល១៧ខែ គឺបានចេញនូវចម្លើយយ៉ាងជាក់ច្បាស់អំពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេច ក្នុងការបន្ដឲ្យអ្នកជំនាន់ក្រោយដឹកនាំប្រទេស។
សម្ដេចតេជោ ហ៊ុន សែន បានធ្វើការកត់សម្គាល់ថា ត្បិតកម្ពុជាបានពើបប្រទះជាមួយការលំបាកខាងផ្នែកសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ១៩ និងក្រោយសង្គ្រាមនៅរុស្ស៉ី-អ៊ុយក្រែន ព្រមទាំងទណ្ឌកម្មច្របូកច្របល់នៅលើពិភពលោក ដែលមានផលប៉ះពាល់ដល់កម្ពុជា ប៉ុន្ដែសម្រាប់កម្ពុជាទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០២៤កន្លងទៅនេះ គឺមានជាង៥៥ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងកាលពីឆ្នាំ២០២៣។
ផ្អែកតាមទិន្នន័យរយៈពេលពេញមួយ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៦.១៩ពាន់លានដុល្លារ កើនឡើង១៥.៧% ខណៈការនាំចូលមានទឹកប្រាក់២៨.៥៤ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។
លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា បានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗមួយចំនួនដែលសម្រេចបានក្នុងឆ្នាំ២០២៤ ដោយ អគរ រួមមាន ការប្រមូលចំណូលពន្ធនិងអាករចំនួន ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣៕
ដោយ ៖ សិលា