ខេត្តសៀមរាប ៖ ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ បានថ្លែងការកោតសរសើរ និងបង្ហាញនូវភាពស្ងប់ស្ញែង ចំពោះសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្ររបស់ខ្មែរ ដែលបុព្វបុរសខ្មែរនាសម័យអង្គរ បានកសាងឡើង និងបានបន្សល់ទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយ និងផ្តល់នូវតម្លៃមិនអាចកាត់ថ្លៃបាន។
លោក នាយឧត្តមសេនីយ៍ DETNITIT LUANGAMKUM អគ្គនាយកអង្គការអតីតយុទ្ធជនសង្រ្គាមថៃ លើកឡើងថា សំណង់ស្ថាបត្យកម្មដ៏មានតម្លៃនេះ វាជារចនាបថនៃស្ថាបត្យកម្មខ្មែរ ដែលគ្មានពីរនៅលើលោក និងបានកំពុងទាក់ទាញដល់ភ្ញៀវទេសចរចូលមកទស្សនា ស្វែងយល់អំពីគុណតម្លៃនៃប្រាសាទបុរាណខ្មែរ ហើយក៏ជាទុននៃប្រភពចំណូលរបស់ជាតិមិនចេះរីងស្ងួតផងដែរ។ លោកក៏បានបង្ហាញនូវភាពភ្ញាក់ផ្អើល ពីភាពឥតទាស់នៃរូបចម្លាក់ ក្បូរក្បាច់រចនាដ៏រស់រវើក ដែលគ្រប់រូបចម្លាក់អប្សរាទាំងនោះ បង្កប់ទៅដោយវិញ្ញាណ ដោយមានភាពស្រស់ស្រាយទទួលស្វាគមន៍ដល់ភ្ញៀវចូលមកទស្សនា។ រាល់រូបចម្លាក់ដែលភ្ជាប់នឹងជញ្ជាំងថ្មប្រាសាទនីមួយៗ បានបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅក្នុងរឿងព្រេងពីបុរាណកាលមកទៀតផង។
ក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូក៏បានអញ្ជើញចូលទៅទស្សនាមណ្ឌលរក្សាអដ្ឋិធាតុប្រជាជនកម្ពុជា ដែលត្រូវបានកាប់សម្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងបរិវេណវត្តពេពពោធិវង្ស ហៅវត្តថ្មី ក្នុងសង្កាត់គោកចក ក្រុងសៀមរាប។ ជាមួយនោះគណៈប្រតិភូ បានសម្តែងនូវភាពអាណិតអាសូរចំពោះប្រជាជនកម្ពុជា ដែលរងគ្រោះដោយភាពអយុត្តិធម៌ ក្នុងរបបដ៏ឃោរឃៅនេះ ដែលបានបន្សល់នៅអដ្ឋិធាតុក្នុងចេតីយជាភស្តុតាងស្រាបនេះ។
សូមជម្រាបថា ក្នុងឱកាសដំណើរទស្សនកិច្ចនៅខេត្តសៀមរាបនេះដែរ ប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ ក៏បានជួបសម្តែងការគួរសម ជាមួយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដើម្បីស្វែងយល់អំពីការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជនខេត្តសៀមរាប អំពីស្ថានភាព ក្នុងការរស់នៅរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំង២ ក៏បានបង្ហាញភាពជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យចំណងមិត្តភាពសមាគមអតីតយុទ្ធជនកម្ពុជា និង អង្គការអតីតយុទ្ធជនសង្រ្គាមថៃ កាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ ស៊ីជម្រៅ និងធ្វើការយ៉ាងជិតស្និត ប្រកបដោយការទទួលខុសត្រូវ សាមគ្គីជាធ្លុងមួយ សម្រេចបានសមិទ្ធផលថ្មីៗទៀតលើវិស័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរងគ្រោះដោយសារសង្គ្រាម៕
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប