ខេត្តសៀមរាប ៖ អភិបាលខេត្តសៀមរាប បញ្ជាក់ថា គ្មានការដូរឈ្មោះសួននោះទេ។ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបង្ហោះលើផេកផ្លូវការថា ៖ សួនដ៏ស្រស់ស្អាតអើយ អ្នកស្រលាញ់គាំទ្រក៏ច្រើន អ្នកបារម្ភក៏មាន ហើយក៏មានអ្នកឆ្លៀតឱកាសបង្កាត់ភ្លើង ។ ត្រង់ចំណុចនេះ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ចង់បញ្ជាក់ថា ៖ កុំឱ្យមានអ្នកបង្កើតព័ត៌មានក្លែងក្លាយ ឆ្លៀតឱកាសបង្កាត់ភ្លើង ទាំងអាជ្ញាធរខេត្តមិនបានដូរឈ្មោះសួនផងនោះ។
លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា ៖ ប្រសាសន៍សម្តេចតេជោ
“រៀបចំសួនដែលនៅជុំវិញសួនព្រះរាជដំណាក់ឲ្យកាន់តែស្រស់ស្អាតដើម្បីលើកកម្ពស់កិត្យានុភាព អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើងទាំងអស់គ្នា បង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ រៀបចំឲ្យមានកន្លែងសម្រាប់ប្រជាពលរដ្ឋអាចហាត់ប្រាណបានច្រើន ក៏ជាកន្លែងសម្រាប់អាចប្រារព្ធកម្មវិធីល្អៗជាច្រើនដែលបានផ្តល់ផលប្រយោជន៍ដល់អ្នកខេត្តសៀមរាប។
លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ថា ៖ រដ្ឋបាលខេត្ត គួរបានសិក្សាទីតាំងដែលល្អផ្សេងពីសួននៅជុំវិញសួនព្រះរាជដំណាក់នេះ ដើម្បីដាក់បង្ហាញពីប្រវត្តិនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលធ្វេីឲ្យប្រទេសយើងមានសុខសន្តិភាពមកដល់ថ្ងៃនេះ”
លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បន្តថា ៖ ខ្ញុំបានសន្យាជាមួយសម្តេចតេជោ ក៏សន្យាជាមួយអ្នកខេត្តសៀមរាបនឹងរៀបចំសួនទាំងអស់អោយល្អស្រស់ស្អាត ។
ខ្ញុំបាទសូមបញ្ជាក់ថារដ្ឋបាលខេត្តសៀមរាបមិនដែលសូម្បីតែគិតថាដូរឈ្មោះទីតាំងសាធារណះណាមួយទេ៕
ដោយ ៖ សិលា