ពិធីបុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើងដើម្បីរម្លឹកនូវព្រឹត្តិការណ៍សំខាន់ ៣យ៉ាង

ចែករំលែក៖

ភ្នំពេញ​៖​ ពិធីបុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើងដើម្បីរម្លឹកនូវព្រឹត្តិការណ៍សំខាន់ ៣យ៉ាង ដែលរួមមាន៖ (១)ការធ្វើចតុរង្គសន្និបាត (២)ការប្រកាសបង្កើតព្រះពុទ្ធសាសនា និងសម្តែងឱវាទបាតិមោក្ខ និង (៣) ការដាក់អាយុសង្ខាររបស់ព្រះសម្មាសម្ពុទ្ធ។​

(១) ការធ្វើចតុរង្គសន្និបាត ៖ ចតុរង្គសន្និបាត មានន័យថាជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធនៅក្នុងថ្ងៃតែមួយ ហើយប្រកបដោយអង្គ ឬហេតុ ៤យ៉ាង។ អង្គ ឬហេតុទាំង៤ ដែលកើតឡើងក្នុងថ្ងៃជួបជុំនោះគឺ៖ ទី១. ជាថ្ងៃឧបោសថ ដែលមានព្រះចន្ទពេញវង់ល្អ, ទី២. ជាថ្ងៃដែលព្រះភិក្ខុទាំង ១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន, ទី៣. ព្រះភិក្ខុទាំងអស់នោះសុទ្ធសឹងតែជាព្រះអរហន្ត និង ទី៤. ព្រះភិក្ខុទាំងអស់នោះសុទ្ធសឹងតែជាឯហិភិក្ខុ។ ឯហិភិក្ខុ គឺសំដៅលើជនណាម្នាក់ ដែលគ្រាន់តែចូលទៅស្តាប់ធម៌របស់ព្រះពុទ្ធហើយ ក៏ក្លាយជាភិក្ខុដូចគេដែរ។ ចតុរង្គសន្និបាតនេះមានតែម្តងប៉ុណ្ណោះក្នុងសម័យព្រះពុទ្ធ។

(២) ការប្រកាសបង្កើតព្រះពុទ្ធសាសនា និងសម្តែងឱវាទបាតិមោក្ខ ៖ ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់ ។ ការបង្កើតព្រះពុទ្ធសាសនាក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១ ២៥០អង្គ ជាសមាជិកក្នុងចតុរង្គសន្និបាត។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍ចំនួន ១១ប្រការ ដែលមានឈ្មោះជាភាសាបាលីថា “ឱវាទបាតិមោក្ខ” សម្រាប់ឱ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាមាគ៌ាជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយបន្តដល់ជនដទៃទៀតឱ្យបានយល់អំពីពុទ្ធសាសនា។

...

(៣) ការដាក់អាយុសង្ខាររបស់ព្រះសម្មាសម្ពុទ្ធ ៖ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានកំណត់ថា ៣ខែ ទៅមុខទៀតព្រះអង្គនឹងចូលព្រះនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការចាប់បដិសន្ធិជាថ្មីឡើយ។ រយៈពេល៣ខែក្រោយមក ព្រះអង្គក៏ចូលព្រះនិព្វាន ក្នុងព្រះជន្ម៨០ព្រះវស្សា នាថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print