បញ្ញវន្តកម្ពុជាកោតសរសើរបច្ចេកវិទ្យារបស់ចិន ដែលរីកចម្រើនយ៉ាងឆាប់រហ័ស

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកសិក្សាស្រាវជ្រាវនៅកម្ពុជាបានកោតសរសើរ ចំពោះបច្ចេកវិទ្យា របស់ប្រទេសចិន ដែលរីកចម្រើន យ៉ាងឆាប់រហ័ស ជាពិសេស កម្មវិធីបញ្ញាសិប្បនិម្មិត ឬ AI ថ្មី ដែលកំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល នោះគឺ Deepseek AI។

លោកបណ្ឌិត ជា មុន្នីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រាប់ថា នៅថ្ងៃទី១២ ខែកុម្ភៈថា «សតវត្សរ៍ទី២១នេះ ត្រូវបានគេចាត់ទុកថា ជាសតវត្សរ៍ចិនខ្លាំង ព្រោះថា ចិនមិនត្រឹមតែនៅលើ វិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ បើសូម្បីតែនៅលើវិទ្យាសាស្រ្ត ក៏ចិនកំពុងបង្កើនឫទ្ធានុភាពក្នុងការអភិវឌ្ឍជឿនលឿនលើវិស័យនវានុវត្តវិទ្យាសាស្រ្តដែលរួមមានទាំង5G និងបញ្ញាសិប្បនិម្មិតAIផងដែរ…
ប្រទេសចិនកំពុងទទួលយកការផ្លាស់ប្តូរ AI និង កំពុងខិតខំប្រឹងប្រែងដើម្បីឈានមុខ AI ប្រទេសចិន យកសុវត្ថិភាពនៃ AI ជាចម្បង និងគាំទ្រការច្នៃប្រឌិតសហគ្រិន ដោយក្រុមហ៊ុនចិន ដើម្បីរួមចំណែករបស់ប្រទេសចិនក្នុងការអភិវឌ្ឍ AI សកល ដែលក្នុងនោះមានកម្មវិធី DeepSeek AI ផងដែរ។

រីឯ លោកបណ្ឌិត កៅ មុយថង អ្នកវិភាគវិញ បានប្រាប់ថា « យើងឃើញថា មកដល់ពេលនេះ បច្ចេកវិទ្យារបស់ចិន កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទទួលបានការកោតស្ញប់ស្ញែងពីអ្នកសិក្សាមិនថាប្រទេសណានោះទេ។ បច្ចេកវិទ្យារបស់ចិនបានឈានមុខយ៉ាងឆ្ងាយ ជាពិសេសក្នុងវិស័យអាយអូធី (IoT) បច្ចេកវិទ្យាទូរស័ព្ទ 5G 6G ការអភិវឌ្ឍថាមពលស្អាត និងយានយន្តអគ្គិសនីដែលជាកត្តាសំខាន់ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ខ្លួន។ ចិនកំពុងក្លាយជាមជ្ឈមណ្ឌល បច្ចេកវិទ្យា នៅលើឆាកអន្តរជាតិ»។

លោកបន្តថា «ចំពោះកម្មវិធី DeepSeek AI របស់ចិន បានបង្កើនភាពភ្ញាក់ផ្អើលបំផុតនៅក្នុងវិស័យបច្ចេកវិទ្យា ដែលត្រូវបានទាញយកមកប្រើច្រើនបំផុតនៅលើ App Store និង Play Store ទូទាំងពិភពលោក នោះគឺដោយសារតែភាពឆ្លាតវៃ និងសមត្ថភាពខ្ពស់របស់វាក្នុងការវិភាគទិន្នន័យដ៏ស្មុគស្មាញ។ ជារួម DeepSeek AI ត្រូវបានគេមើលឃើញថា មានសក្តានុពលខ្ពស់ក្នុងការជំរុញការអភិវឌ្ឍវិស័យកុំព្យូទ័រនិងបច្ចេកវិទ្យារបស់ចិន។ យើងអាចប្រើកម្មវិធី DeepSeek AI សម្រាប់ជាការវិភាគសិក្សា ឬសរសេរទិន្នន័យសម្រាប់ជាការបម្រើឱ្យវិស័យផ្សេងៗ ដូចជាសុខាភិបាល ហិរញ្ញវត្ថុ ការផលិត និងសេវាកម្ម ដែលធ្វើឱ្យវាក្លាយជាឧបករណ៍ដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។

គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបនឹងសំណួរ របស់អ្នកសារព័ត៌មាន ជុំវិញកម្មវិធី DeepSeek ដោយបញ្ជាក់ថា បច្ចុប្បន្ននេះ បច្ចេកទេសថ្មី លើវិស័យបញ្ញាសិប្បនិម្មិត បានក្លាយជាកម្លាំងជំរុញដ៏សំខាន់ក្នុងបដិវត្តន៍បច្ចេកវិទ្យានិងការធ្វើនវានុវត្តន៍ ខាងឧស្សាហកម្មជុំថ្មី។ ចិនបានជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍ AI ដែលអាចផ្តល់ផលប្រយោជន៍ជាទូទៅ ជួយប្រទេសកំពុងអភិវឌ្ឍន៍បង្កើនកិច្ចកសាងសមត្ថភាព ដើម្បីធ្វើឱ្យបណ្តាប្រទេសនានាអាចចែករំលែកភាគលាភនៃបញ្ញាសិប្បនិមិ្មត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print