ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្អែកនេះ ក្រសួងមហាផ្ទៃ នឹងបន្ដរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
សន្និបាតរបស់ក្រសួងមហាផ្ទៃ នឹងរៀបចំរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ពិធីបើកសន្និបាតនេះដែរ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ប្រធានបទ នៃកិច្ចពិភាក្សា ក្នុងសន្និបាត មានចំនួន ៣ រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល៕
ដោយ ៖ សិលា