ការចំណាយលើវិស័យការពារជាតិរបស់រុស្ស៊ីក្នុងឆ្នាំ 2024 នឹងកើនឡើង 42% ចំពេលមានជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។
យោងតាមទិន្នន័យពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) នៅឆ្នាំ 2024 ការចំណាយលើវិស័យការពារជាតិសរុបរបស់រុស្ស៊ីត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង 42% ដល់ 13.1 ពាន់ពាន់លានរូប្ល ឬ 6.7% នៃផលិតផលក្នុងស្រុកសរុប។
បន្ទាប់ពីការកែតម្រូវសម្រាប់ភាពស្មើគ្នានៃអំណាចទិញ (PPP) ឬភាពខុសគ្នានៃចំនួនលុយអាចទិញនៅក្នុងប្រទេសផ្សេងៗគ្នា តួលេខនេះកើនឡើងដល់ 462 ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ ការចំណាយលើវិស័យការពារជាតិសរុបនៅទូទាំងទ្វីបអឺរ៉ុប រួមទាំងប្រទេសជាសមាជិករបស់ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) បានកើនឡើងជិត 12% កាលពីឆ្នាំមុន ដល់ 457 ពាន់លានដុល្លារ ដែលទាបជាងថវិការបស់ទីក្រុងម៉ូស្គូបន្តិច។
Fenella McGerty អ្នកជំនាញជាន់ខ្ពស់ IISS សម្រាប់សេដ្ឋកិច្ចការពារជាតិ បាននិយាយថា វាគឺជាការអភិវឌ្ឍន៍ថ្មីមួយសម្រាប់ប្រទេសរុស្ស៊ី ដើម្បីវ៉ាដាច់អឺរ៉ុបទាំងអស់ក្នុងការចំណាយយោធា ដោយសារកំណើនការពារជាតិគួរឱ្យកត់សម្គាល់ និងកំណែទម្រង់ឧស្សាហកម្ម។
ការចំណាយលើវិស័យការពារជាតិរបស់រុស្ស៊ីបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីទីក្រុងម៉ូស្គូបានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែននៅដើមឆ្នាំ 2022 ។
រុស្ស៊ីកំពុងបង្កើនផលិតកម្មក្នុងវិស័យសំខាន់ៗដូចជាគ្រាប់រំសេវ និងប្រព័ន្ធកាំភ្លើងធំសំខាន់ៗ។ ឥឡូវនេះមូលដ្ឋានឧស្សាហកម្មរបស់រុស្ស៊ីត្រូវបានរីករាលដាលពាសពេញសេដ្ឋកិច្ចទាំងមូល ហើយវិស័យឯកជនកំពុងដើរតួនាទីកាន់តែធំ។
លោក McGerty បាននិយាយថា “វាជាការសម្របខ្លួនពិតប្រាកដមួយ ដែលយើងកំពុងមើលឃើញ មិនត្រឹមតែទាក់ទងនឹងការចំណាយប៉ុណ្ណោះទេ” ។
នេះធ្វើឱ្យមានការព្រួយបារម្ភថា រុស្ស៊ីអាចមានសមត្ថភាពវាយប្រហារណាតូក្នុងប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពីជម្លោះនៅអ៊ុយក្រែនបានបញ្ចប់។
កាលពីឆ្នាំមុន អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្រមានថា “យើងមិនទាន់ត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងក្នុងរយៈពេល 4 ទៅ 5 ឆ្នាំខាងមុខទេ”។
ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើង ណាតូកំពុងបង្កើនសម្ពាធលើសមាជិករបស់ខ្លួនឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ។ លោក Rutte បានជំរុញឱ្យប្រទេសនានាបំពេញតាមគោលដៅនៃការចំណាយ 2% នៃ GDP លើវិស័យការពារជាតិត្រឹមរដូវក្តៅនេះ៕
រូបថត:EPA