ខេត្តកំពង់ស្ពឺ ៖ មន្រ្តីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យមើលជាក់ស្តែងនៅរោងចក្រកែច្នៃស្វាយមួយកន្លែងឈ្មោះ សានផ្លាស អ៊ីនធើណេសិនណល ឯ.ក មានទីតាំងនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានរកឃើញថាពិតជាបានបង្ហូរកាកសំណល់ និងទឹកស្អុយចូលប្រឡាយធម្មជាតិពិតប្រាកដមែន។
សូមបញ្ជាក់ថា ៖ ការចុះទៅពិនិត្យមើលជាក់ស្តែងនៅទីតាំងរោងចក្រនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥ ក្រោយទទួលបានព័ត៌មាន និងការរិះគន់យ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋនៅក្បែររោងចក្រថាជះក្លិនស្អុយ ពិបាករស់នៅ និងជាពិសេសសិស្សសាលាដែលរៀននៅទីនោះ។
ពេលចុះទៅដល់ទីតាំងរោងចក្រ និងឃើញជាក់ស្តែងពីការបំពុលទឹកប្រឡាយធម្មជាតិ ព្រោះតែការបង្ហូរកាកសំណល់ និងទឹកស្អុយចូលនោះ មន្រ្តីបរិស្ថានបានទុកពេលឲ្យថៅកែរោងចក្ររៀបចំប្រព័ន្ធបង្ហូរទឹកឲ្យបានត្រឹមត្រូវ និងបច្ចេកទេសឡើងវិញ ហើយបើនៅតែមិនព្រមធ្វើ នឹងត្រូវប្រឈមការផាកពិន័យ។
ប្រជាពលរដ្ឋចង់ឃើញឲ្យមានវិធានការតាមច្បាប់ បើសិនម្ចាស់ទីតាំងទាំងឡាយនោះ បានបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ដល់សុខភាពប្រជាជន និងរំខានការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ក្រោយចុះទៅធ្វើកំណត់ហេតុនៅពេលនេះ, មន្រ្តីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន គួរចុះពិនិត្យមើលជាប្រចាំផង កុំទុករឿងនេះក្លាយជាចក ត្រូវកើបចកនេះចេញពីបឹង ដូចអនុសាសន៍កន្លងទៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ប្រជាពលរដ្ឋសង្ឃឹមថា ៖ ខាងក្រុមហ៊ុនបញ្ឈប់សកម្មភាពបង្ហូរទឹកស្អុយ ហើយអាជ្ញាធរ និងជំនាញក៏មិនត្រូវបន្ធូដៃដែរ ដើម្បីសុខភាពដល់ការរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយ ៖ សិលា