ភ្នំពេញ៖ យានយន្តល្មើសជាតិស្រវឹងចំនួន ១៥គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ក្រោយពិនិត្យរកឃើញបើកបរក្រោមឥទិ្ធពលជាតិស្រវឹងឆ្លងកាត់គោលដៅ ត្រួតពិនិត្យដោយកម្លាំងចម្រុះដែលដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ឃឹម សារឹទ្ឋ ជាអធិការរងខណ្ឌដង្កោ ទទួលផែនការងារចរាចរណ៍។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌ ដង្កោបានបន្តសហការចុះដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងចំពោះអ្នកបើកបរយានយន្ត។
របាយការណ៍ដដែលបន្តថា ៖ ការដាក់គោលដៅចុះអនុវត្តច្បាប់ចរាចរណ៍ និងជាតិស្រវឹងនេះគឺចាប់ពីម៉ោង២៣ និង០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ម៉ោង០២រំលងអាធ្រាត្រឈានចូលដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចមុខសាលរៀនប្រាយឡាញ ផ្លូវលេខ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានកម្លាំងចូលរួមចំនួន ៥០នាក់ ក្នុងនោះកម្លាំងមកពីស្នងការដ្ឋានរាជធានីភ្នំពេញចំនួន ៣១នាក់ និងកម្លាំងនៃអធិដ្ឋាននគរបាលខណ្ឌដង្កោចំនួន ១៩នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សៀម សុត្ថាវុធ ស្នងការរង និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលដង្កោ និងដឹកដោយផ្ទាល់លោកវរសេនីយ៍ទោ ឃឹម សារឹទ្ឋ អធិការរងខណ្ឌដង្កោ និងលោកវរសេនីយ៍ទោ អ៊ែល សំណាង នាយរងការិយាល័យចរាចរណ៍រាជធានីភ្នំពេញ។
របាយការណ៍ដដែលបញ្ជាក់បន្ថែមថា ៖ លទ្ធផលនៃការត្រួតពិនិត្យមានយានយន្តឆ្លងកាត់គោលដៅចំនួន ៥២គ្រឿង និងយានយន្តចំនួន ១៥គ្រឿង ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីតម្រូវឲ្យម្ចាស់យានយន្តចូលខ្លួនដោះស្រាយបង់ផាកពិន័យតាមច្បាប់៕ដោយ៖តារា