ភ្នំពេញ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជន បានទទួលជួបសម្ដែងការគួរសមជាមួយ លោកង្វៀន មិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមប្រចំានៅកម្ពុជា ដែលបានរៀបចំនៅវិមាន៧មករា នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ប្រទេសវៀតណាម និងបានលើកឡើងអំពីចំណងមិត្តភាព និងកិច្ចសហប្រត្តិបត្តិការនៃប្រទេសទាំងពីរ ដែលបានជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។
សម្តេចកិត្តិសង្គហបណ្ឌិតបានសម្តែងនូវការស្វាគមន៍ និងបានចាត់ទុកបេសកកម្ម របស់ លោកឯកអគ្គរដ្ឋទូតថ្មីនាពេលនេះ នឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត ពិសេសខាងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន ។
លោក ង្វៀន មិញវូ (Nguyen Minh Vu) បានថ្លែងនូវការកោតសសើរចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា។ វាផ្ទុយស្រឡះកាលពី ១៥ឆ្នាំមុន ដែលលោកបានមកកម្ពុជា ។ លោកក៏បានលើកឡើងអំពីសមិទ្ធិផលជាច្រើន ដែលពលរដ្ឋកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបកម្ពុជាមានការរីកចម្រើនដូចបច្ចុប្បន្ន។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវមោទកភាពមួយដែលរដ្ឋាភិបាលវៀតណាម បានចាត់តាំងឱ្យលោកមកបំពេញបេសកកម្មការទូត នៅកម្ពុជា និងបានជូនពរឲ្យលោកបំពេញបេកកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ៕