កន្លងមកកូរ៉េខាងជើង បានចោទប្រកាន់ក្រុមចារកម្មកូរ៉េខាងត្បូង ជាអ្នកនៅពីក្រោយ ហើយពង្រត់ជនជាតិកូរ៉េខាងជើង ភៀសខ្លួនទៅរស់នៅក្នុងប្រទេសរបស់ខ្លួន។ ការប្រកាសបែបនេះរបស់កូរ៉េខាជើង ក្រោយពេលមានពលរដ្ឋជាច្រើនបានភៀសខ្លួនទៅរស់នៅក្នុងទីក្រុងសេអូល ដែលជាទីកន្លែងអាចផ្លាស់ប្តូរជោគវាសនារបស់ពួគេបាន។
ក្រៅពីពលរដ្ឋក៏មានមន្ត្រីជាច្រើនរូបបានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង ផងដែរ ដោយសារតែភ័យខ្លាច មានទោសប្រហារជីវិតប្រសិនបើមានកំហុសអ្វីមួយនោះ។ កាលពីថ្ងៃទី១៧ ខែសីហា រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងជាផ្លូវការថា ឯកអគ្គរដ្ឋទូតរងកូរ៉េខាងជើង ប្រចាំទីក្រុងឡុងដ៏ប្រទេសអង់គ្លេសលោក Thae Yong-Ho និងក្រុមគ្រួសារពិតជាបានរត់ទៅជ្រកកោណនៅកូរ៉េខាងត្បូងមែន។ ទង្វើផ្តាច់ខ្លួនរបស់មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងទៅជ្រកកោណនៅកូរ៉េខាត្បូងមិនមែនជាលើកទី១ និងក៏ប្រហែលមិនមែនជាលើកចុងក្រោយដែរ។
ព័ត៌មាននេះត្រូវបានប្រកាសឲ្យដឹងជាផ្លូវការដោយលោក Jeong Joon-Hee អ្នកនាំពាក្យរបស់ក្រសួងបង្រួបបង្រួមកូរ៉េនៅកូរ៉េខាងត្បូង ។ លោក Joon-Hee បានបញ្ជាក់ថា ពេលនេះ លោក Thae Yong-Ho រួមទាំងភរិយា និងកូនប្រុសរបស់លោក កំពុងស្ថិតក្នុងទឹកដីកូរ៉េខាងត្បូង ដោយសុវត្ថិភាព ព្រមទាំងទទួលបានការការពារយ៉ាងយកចិត្តដាក់ពីរដ្ឋាភិបាលក្រុងសេអ៊ូល ផង ។ ក៏ប៉ុន្តែ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េរូបនេះដដែលបានបដិសេធមិនបញ្ជាក់ទេ ពីទីកន្លែងដែលក្រុមគ្រួសារលោក Ho កំពុងស្នាក់នៅ និងពីឈ្មោះប្រទេសដែលបានអនុញ្ញាតឲ្យគ្រួសារលោក Ho ឆ្លងកាត់មុននឹងទៅដល់ទឹកដីកូរ៉េខាងត្បូង ។ ការលាក់ព័ត៌មានទាំងអស់នេះគឺដើម្បីបញ្ជៀសការសងសឹកពីរដ្ឋាភិបាលកូរ៉េខាងជើង៕
ប្រែសម្រួល៖ ម៉ែវ សាធី