ពលករខ្មែរប្រុសស្រី៤៤នាក់ត្រូវបាននគរបាលខេត្តបន្ទាយមានជ័យទប់ស្កាត់មិនឲ្យឆ្លងដែនទៅប្រទេសថៃដោយប្រថុយប្រឋាននោះឡើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរប្រុសស្រីសរុបចំនួន៤៤នាក់និងមានកុមារ៤នាក់ទៅតាមឪពុកម្តាយផងដែរ ពួកគាត់ធ្វើដំណើរតាមរថយន្តចេញពីខេត្តចំនួន៦ ក្នុងប្រទេសកម្ពុជា រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ កំពង់ងឆ្នាំង កំពង់ចាម និងខេត្តតាកែវ មកដល់ចំណុចព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ  បម្រុងនាំគ្នាឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃសស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការនិងនគរបាលការពារព្រំដែនប៉ុស្ថិ៍ចំបក់នៃវរៈនគរបាលការពារព្រំដែនគោកលេខ៨១៥ បានធ្វើការឃាត់ខ្លួន និងទប់ស្កាត់មិនឲ្យពួកគាត់ឆ្លងដែនទាំងប្រថុយប្រឋានបែបនោះឡើយ។

ការទប់ស្កាត់ពលករខ្មែរខាងលើធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈដែលពលករខ្មែរទាំងនោះកំពុងដើរឆ្លងអូរកាត់ព្រំដែនតាមច្រករបៀង បម្រុងចូលទៅដល់ទឹកដីទៅហើយនោះ។

សូមបញ្ជាក់ថា ការធ្វើចំណាកស្រុកខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃរបស់ពលករខ្មែរកន្លងមកត្រូវគេរាយការណ៍ឲ្យដឹងថា បានរងគ្រោះត្រូវទាហ៊ានថៃបាញ់សម្លាប់ ចាប់ដាក់គុកធ្វើទារុណកម្ម និងចាញ់បោកមខ្យល់កេងកម្លាំងពលកម្ម និងថែមទាំងជួញដូរមនុស្ស បង្វិតបង្ខំឲ្យធ្វើការងារលើសកម្លាំងផងនោះទៀត។

ពាក់ព័ន្ធពលករខ្មែរនៅប្រទេសថៃនេះដែរសេចក្តីរាយការណ៍ឲ្យដឹងថា ថ្មីៗនេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្រាវជ្រាវរកឃើញថា មានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់មកលើពលករខ្មែរធ្វើការងារនៅលើទូកនេសាទដោយ មានការបង្ខិតបង្ខំឲ្យកម្មករខ្មែរប្រើប្រាស់ថ្នាំញៀនដើម្បីឲ្យធ្វើការលើសកម្លាំង។ ក្រោយពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលព័ត៌មានពីការរំលោភសិទ្ធិពលករខ្មែរបែបនោះរួចហើយក៏បានដាក់ពា្យប្តឹងទៅគណៈកម្មាធិការសិទ្ធិមនុស្សនៃព្រះរាជាណាចក្រថៃ ដើម្បីឲ្យភាគីថៃសហការជាមួយកម្ពុជា ក្នុងការត្រួតពិនិត្យតាមដានស៊ើបអង្កេតជុំវិញនៃការ រំលោភសិទ្ធិលើពលរដ្ឋកម្ពុជាដែលជាកម្មករដើម្បីធ្វើការជួយសង្រ្គោះពលករខ្មែររងគ្រោះទាំងនោះ។

លោកវរសេនីយ៍ត្រី ឡាយ គឹមលួន នាយការិយាល័យនគរបាល ប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជននៃសស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រាប់ឲ្យដឹងថា ការទប់ស្កាត់ពលរខ្មែរធ្វើចំណាកស្រុកខុសច្បាប់គឺដើម្បីការពារអាយុជីវិត និងផលប្រយោជន៍របស់ពួកគាត់ ខ្លាចក្រែងពួកគាត់ចាកចេញទៅរងការងារចាញ់បោកមេខ្យល់យកទៅលក់ និងកេងកម្លាំងពលកម្ម និងរងការបាញ់សម្លាប់ ចាប់ដាក់គុកពីទាហ៊ានថៃជាដើម។ ការងារទប់ស្កាត់ ពលករខ្មែរខុសច្បាប់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៏បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលគ្រប់ផ្នែកនិងជំនាញក្រោមបង្គាប់ទាំងអស់ត្រូវសហការគ្នាដើម្បីចុះអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។ពលករខ្មែរខាងលើក្រោយពីសមត្ថកិច្ចធ្វើការអប់រំនិងឲ្យធ្វើកិច្ចសន្យារួចហើយក៏បានដោះលែងធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ។

សូមរំលឹកថា ពាក់ព័ន្ធនិងពលករខ្មែរនេះដែរកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ពលកខ្មែរ៤១នាក់មកពីបណ្តាខេត្តចំនួន៥ ធ្វើដំណើរតាមរថយន្តធុនធំ១គ្រឿងព្យាយាមបើកទៅចំណុចច្រករបៀងព្រំដែន ក្នុងភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យធ្វើការឃាត់ទប់ស្កាត់បានផងដែរ៕

IMG_9299 IMG_9300 IMG_9302 IMG_9303 IMG_9304 IMG_9305

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print