ខេត្តសៀមរាប ៖ ថ្មីៗនេះ មានមជ្ឈដ្ឋានប្រឆាំងមួយចំនួនតូចនៅក្នុង និងក្រៅប្រទេស ជាពិសេស គឺបុគ្គលដែលតែងតែញុះញង់រឿងព្រំដែន គឺ អ៊ុ សំអាន និងអ្នកវិភាគខ្លះផងនោះ បានលើកឡើងថាមានការប្ដូរឈ្មោះសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប ទៅជាសួនតេជោសន្តិភាព ទាំងដែលការពិតមិនរឿងនេះបែបនេះទាល់តែសោះ។ ក្រោយមានការបង្ហោះមួលបង្កាច់ខុសពីការពិតបែបនេះ យើងឃើញថា អាជ្ញាធរខេត្តសៀមរាប ក៏បានធ្វើការបកស្រាយបំភ្លឺរួចរាល់ថាមិនមែនជាការពិតនោះទេ ព្រោះសួនតេជោសន្តិភាព នឹងត្រូវសិក្សាទីតាំងសាងសង់នៅកន្លែងផ្សេងពីគ្នា គឺមានន័យថា សួនព្រះរាជដំណាក់នៅតែជាសួនព្រះរាជដំណាក់ដដែល មិនមែនការរុះរើឬផ្លាស់ប្តូរឈ្មោះដូចការចោទប្រកាន់នោះឡើយ។
ការញុះញង់បំភ្លៃការពិតពីក្រុមប្រឆាំង រួមទាំងអ្នកវិភាគដូរបាយមួយចំនួន និងវិទ្យុបរទេសមាននិន្នាការប្រឆាំងផងនោះ ត្រូវបានគេមើលឃើញថា គឺជាយុទ្ធសាស្រ្តដដែលៗរបស់ក្រុមប្រឆាំងជ្រុលនិយម យកមកធ្វើអាជីវកម្មនយោបាយផ្សាយបន្ទរបន្ថែមក្នុងគោលបំណងបង្កឱ្យមានការយល់ច្រឡំមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
នេះគឺជាចេតនាទុច្ចរិតរបស់ក្រុមប្រឆាំង ដែលនៅពីក្រោយខ្នង ក្នុងការញុះញង់បំបែកបំបាក់ស្ថាប័នរាជរដ្ឋាភិបាល និងស្ថាប័នព្រះមហាក្សត្រ ហើយនេះមិនមែនជាលើកទី១នោះទេ ដែលពួកប្រឆាំង រួមទាំងអ្នកវិភាគ និងវិទ្យុបរទេសមួយចំនួន តែងតែផ្សព្វផ្សាយញុះញង់អុចអាល បញ្ឆេះកំហឹងមហាជនគ្រប់រឿង ទោះបីជាដឹងថា រឿងទាំងនោះមិនមានការពិតសូម្បីបន្តិចសោះឡើយក៏ដោយ។
ក្នុងនាមជាខ្មែរមួយរូប ខ្ញុំពិតជាសោកស្តាយនិងថ្កោលទោសចំពោះទង្វើទុច្ចរិតរបស់បុគ្គលអគតិ អ្នកវិភាគ និងវិទ្យុបរទេសមួយចំនួនដែលតែងតែយកបញ្ហាសង្គមនានា មកធ្វើការញុះញង់ វាយប្រហារ លាបពណ៌ បំភ្លៃការពិត ក្នុងគោលបំណងទុច្ចរិតដើម្បីបង្កចលាចលនៅក្នុងសង្គមជាតិ។ ការបន្តធ្វើនយោបាយលាបពណ៌ស្មោគគ្រោករបស់ក្រុមប្រឆាំង នឹងមិនអាចទទួលបានជោគជ័យជាដាច់ខាត ព្រោះថា ប្រជាជនកម្ពុជាច្រើនលើសលប់ បានផ្តល់ការទុកចិត្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍ ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ៕
ដោយ៖ មាន មេត្តា