Update ៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សម្រុកសាងសង់ ដើម្បីបញ្ចប់តាមផែនការមេ

ចែករំលែក៖

ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ កំពុងសម្រុកសាងសង់ ដើម្បីបញ្ចប់តាមផែនការមេ ដោយបច្ចុប្បន្ន ក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការស្ថាបនាស្ពានដែក បណ្តោះអាសន្ន ដើម្បីបំពាក់សំភារៈគ្រឿងចក្រ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃពុធ។

គួររម្លឹកថា ពិធីបើកការដ្ឋានសាងសង់គម្រោងនេះ ធ្វើឡើង រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា និង លោក Wang Wentian អតីតឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។

បច្ចុប្បន្ន ក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការស្ថាបនាស្ពានដែកបណ្តោះអាសន្ននៅផ្នែកខាងលិច បានប្រវែង ២៧១ម៉ែត្រ ស្មើនឹង៥១% (ប្រវែងសរុប ៥៣៣ម៉ែត្រ) និងផ្នែកខាងកើត កំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្នប្រវែង ៥៥៤ម៉ែត្រ ដើម្បីបំពាក់សំភារៈគ្រឿងចក្រ។ ការសាងសង់ស្ពានដែក បណ្តោះអាសន្ននេះ គឺជាផ្នែកដ៏សំខាន់សម្រាប់ឆ្លងកាត់ ដាក់គ្រឿងចក្រ ដើម្បីខួងសសរគ្រឹះ នាពេលខាងមុខដ៏ខ្លី។ 

បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានឱ្យដឹងថាគិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៥,៤០% ហើយ។ គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើត ស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ក្រសួងបានស្នើដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ មេត្តាយកចិត្តទុកដាក់ ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឧបទ្ទវហេតុកើតឡើង ជាយថាហេតុ ដោយគោរពតាមសេចក្តីណែនាំរបស់ក្រសួង។ 

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣.៧០០ម៉ែត្រ ដែលក្នុងនោះ តួស្ពានមានប្រវែងសរុប ១.៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ (៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ២.១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ ហើយគម្រោងស្ពាននេះដែរ ត្រូវប្រើរយៈពេល សាងសង់ ចំនួន ៤៨ខែ (គ្រោងនឹងបញ្ចប់ ក្នុងឆ្នាំ២០២៨)៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print