លោកអភិសន្ដិបណ្ឌិត ស សុខា ណែនាំអភិបាលរាជធានី-ខេត្ត បន្តពង្រឹងការគ្រប់គ្រងមុខងារក្នុងវិស័យសង្គមកិច្ច ពាក់ព័ន្ធនឹងការគ្រប់គ្រងមណ្ឌលថែទាំកុមាររដ្ឋ ឱ្យបានហ្មត់ចត់

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវបន្តពង្រឹងការគ្រប់គ្រងមុខងារក្នុងវិស័យសង្គមកិច្ច ពាក់ព័ន្ធនឹងការគ្រប់គ្រងមណ្ឌលថែទាំកុមាររដ្ឋឱ្យបានហ្មត់ចត់ ដើម្បីធានាឱ្យកុមារកំព្រា កុមារងាយ រងគ្រោះ និងកុមារគ្មានទីពឹង ត្រូវបានចិញ្ចឹម បីបាច់ ថែទាំ និងផ្គត់ផ្គង់ចំណីអាហារ សម្ភារៈចាំបាច់នានា។

នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអភិសន្ដិបណ្ឌិត ស សុខា បានស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ជាពិសេសក្រុមប្រឹក្សា និងគណៈអភិបាលត្រូវរួមគ្នាបន្តពង្រឹងការទទួលខុសត្រូវប្រកបដោយភាពម្ចាស់ការក្នុងការដឹកនាំ គ្រប់គ្រង អនុវត្តមុខងារ និងប្រើប្រាស់ធនធានដែលបានផ្ទេរទាំងនោះ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងត្រឹមត្រូវ ស្របតាមគោលការណ៍ នីតិវិធី លក្ខខណ្ឌ និងស្តង់ដាអប្បបរមាដែលបានកំណត់។

លោកអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍ថា «ខ្ញុំ សូមស្នើឱ្យយកចិត្តទុកដាក់ជាពិសេសទៅលើមុខងារ និងកិច្ចការអាទិភាព ដូចជា អភិបាលរាជធានី ខេត្ត ចាំបាច់ត្រូវបន្តពង្រឹងការគ្រប់គ្រងមុខងារក្នុងវិស័យសង្គមកិច្ច ពាក់ព័ន្ធនឹងការគ្រប់គ្រងមណ្ឌលថែទាំកុមាររដ្ឋឱ្យបានហ្មតចត់ ដើម្បីធានាឱ្យកុមារកំព្រា កុមារងាយ រងគ្រោះ និងកុមារគ្មានទីពឹងដែលកំពុងរស់នៅក្នុងមណ្ឌលទាំងនោះត្រូវបានចិញ្ចឹម បីបាច់ ថែទាំ និង ផ្គត់ផ្គង់ចំណីអាហារ សម្ភារៈចាំបាច់នានាប្រកបដោយភាពកក់ក្ដៅស្របតាមគោលការណ៍កំណត់»៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print