ផែនការអភិវឌ្ឍន៍ ឃុំ សង្កាត់ គឺជាមធ្យោបាយយ៉ាងសំខាន់ ក្នុងការកំណត់អំពីបញ្ហាប្រឈម និងតម្រូវការជាអាទិភាពរបស់មូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ គឺជាមធ្យោបាយយ៉ាងសំខាន់របស់រដ្ឋបាលឃុំ សង្កាត់ ក្នុងការកំណត់ អំពីបញ្ហាប្រឈម និងតម្រូវការជាអាទិភាពរបស់មូលដ្ឋាន ក៏ដូចយុទ្ធសាស្ត្រនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ សំដៅឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការកសាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ត្រូវមានតួអង្គសំខាន់ៗចំនួនបី ចូលរួម និងទទួលខុសត្រូវផ្ទាល់។

តួអង្គទាំង៣នោះទី១.ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលត្រូវពិនិត្យ និងអនុម័តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដោយធានាឱ្យមាន ភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ក្រុមគោលដៅ ព្រមទាំងពិនិត្យ និងអនុម័តលើរាល់ការធ្វើវិសោធនកម្ម និងតាមដាន និងវាយតម្លៃអំពី សមិទ្ធផលដែលសម្រេចបាន ទី២.មេឃុំ ចៅសង្កាត់ ដែលត្រូវដឹកនាំការប្រមូលទិន្នន័យភូមិ ឃុំ-សង្កាត់ ដឹកនាំការងារកសាងផែនការ អភិវឌ្ឍន៍ឃុំ សង្កាត់ និងដាក់សេចក្តីព្រាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ជូនទៅក្រុមប្រឹក្សា ឃុំ-សង្កាត់ដើម្បីពិនិត្យ និងអនុម័ត ទី៣.គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ (គ.ផ.ថ) ដែលជួយមេឃុំ ចៅសង្កាត់ ក្នុងការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដោយអនុវត្តតាមបែបបទ នីតិវិធី ដូចមានកំណត់ក្នុងសេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងការកសាងផែនការ អភិវឌ្ឍន៍ឃុំ សង្កាត់។

ដើម្បីធានាឱ្យផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ មានគុណភាពចាំបាច់ត្រូវមានការចូលរួមគាំទ្រពីយន្តការសំខាន់ៗមួយចំនួនទៀត រួមមាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ (គ.ក.ន.ក) មន្ទីរផែនការរាជធានីខេត្ត ទីចាត់ការផែនការ និងវិនិយោគរាជធានី ខេត្ត ការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ (ក្រុង ស្រុក) ឬការិយាល័យផែនការ និង ហិរញ្ញវត្ថុ (ខណ្ឌ) មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធថ្នាក់រាជធានី ខេត្ត និងអង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ថែមថាការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ត្រូវផ្អែកលើគោលការណ៍សំខាន់ៗ មួយចំនួនរួមមាន ការចែករំលែកព័ត៌មាន តម្លាភាព សង្គតិភាព និងសុខដុមនីយកម្ម ការចូលរួមពិគ្រោះយោបល់ជាទូទៅ ការឆ្លើយតបនឹងតម្រូវការ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ប្រសិទ្ធភាព និងសុក្រឹតភាពសេដ្ឋកិច្ច និងសង្គម ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថានការធានាសមធម៌។

យោងតាមប្រកាសអន្តរក្រសួងលេខ២៤៤៣ ប្រក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកសាង ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងកម្មវិធីវិនិយោគឃុំ សង្កាត់ ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ត្រូវ មានសុពលភាពរយៈពេល៥(ប្រាំ)ឆ្នាំ ហើយត្រូវពិនិត្យឡើងវិញជារៀងរាល់ឆ្នាំតាមរយៈការរៀបចំកម្មវិធី វិនិយោគ និងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលឃុំ-សង្កាត់។ ការកសាងផែនការដែលមានការចូលរួមផ្ដល់មតិយោបល់ ឬដោយទទួលបានធាតុចូលពីប្រជាពលរដ្ឋតាមរយៈការពិគ្រោះ ឬវេទិកាសាធារណៈ គឺជាប្រកាសសំខាន់បំផុត ដើម្បីរួមចំណែកធានាបានថាផែនការនោះ មានភាពឆ្លើយតបនិងបន្ស៊ីគ្នាជាមួយជីវភាព និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ៕

...

ដោយ ៖ មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print