ភ្នំពេញ ៖ ញត្តិថ្កោលទោស
ក្នុងនាមជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហភាពសហជីពកម្ពុជា-អាស៊ាន (CACU) តំណាងឲ្យសហព័ន្ធ សហជីព សមាគម និងសមាជិក សមាជិកា ទាំងអស់ សូមចូលរួមប្រកាសគាំទ្រយ៉ាងពេញក្នុងការចេញញត្តិថ្កោលទោសយ៉ាង ដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គម ដែលបង្ករអោយមានសង្គ្រាមសាជាថ្មី។
យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយម បានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមជ្រួន ចូលភូមិគ្រឹះរបស់សម្តេច។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ង ធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថា ប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយ ដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕
ដូច្នេះ សហភាពសហជីពកម្ពុជា-អាស៊ាន និង កម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់នៅកម្ពុជាត្រូវការសុខសន្តិភាព ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាមច្រើនឆ្នាំមកហើយ ទើបតែបច្ចុប្បន្ននេះកម្ពុជាមានសុខសន្តិភាពយ៉ាងពិតប្រាកដ កម្ពុជាស្អប់ ណាស់សង្គ្រាម ស្អប់ណាស់ក្រុមប្រឆាំងដែលញុះញ៉ង់ឱ្យបង្កើតសង្គ្រាមនៅកម្ពុជា ពួកយើងដាច់ខាត ការពារសន្តិភាពឱ្យបាន គង់វង្ស យូរអង្វែងជារៀងរហូត មានសន្តិភាព គឺមានអ្វីៗទាំងអស់ ៕
ដោយ ៖ សិលា