រថយន្តប្រហែល 20-30 គ្រឿងបានបុកគ្នាបន្តកន្ទុយ ក្នុងព្រិលធ្លាក់ខ្លាំងនៅរដ្ឋ Oregon ដោយបង្ខំឱ្យមន្ត្រីក្នុងតំបន់ត្រូវបិទផ្លូវ Interstate 84 ។
ការិយាល័យតម្រួត Multnomah ក្នុងរដ្ឋ Oregon បាននិយាយកាលពីថ្ងៃទី 13 ខែកុម្ភៈថា ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់បានកើតឡើងនៅម៉ោងប្រហែល 11 ព្រឹក ដែលបណ្តាលឱ្យរថយន្ត ដឹកទំនិញ រថយន្តអ្នកដំណើរ និងរថយន្តផ្សេងទៀតនៅជាប់តាមបណ្តោយផ្លូវ Interstate 84 ដែលគ្របដណ្តប់ដោយព្រិល។ រថយន្ត SUV មួយគ្រឿងត្រូវភ្លើងឆេះ អ្នកដែលជិះក្នុងរថយន្តបានរត់គេចខ្លួនដោយសុវត្ថិភាព ។
ការិយាល័យតម្រួតបាននិយាយពីដំបូងថាមានរថយន្តជាង 100 គ្រឿងបានបុកគ្នា ប៉ុន្តែក្រោយមកនាយកដ្ឋានដឹកជញ្ជូនរដ្ឋ Oregon បាននិយាយថាមានរថយន្តប្រហែល 20-30 គ្រឿងបានចូលរួមក្នុងការបុកនោះ។ មន្ត្រីនាយកដ្ឋានបាននិយាយថា ខ្យល់បក់ខ្លាំង ព្រិល និងទឹកកកបានធ្វើឱ្យមានការពិបាកក្នុងការវាយតម្លៃថាតើមានរថយន្តប៉ុន្មានគ្រឿងក្នុងការបុកគ្នានេះ។
ការិយាល័យតម្រួតបាននិយាយថា “ក្រុមជួយសង្គ្រោះកំពុងត្រួតពិនិត្យរថយន្តនីមួយៗ។ មានរបាយការណ៍អំពីអ្នករបួស ប៉ុន្តែមិនទាន់ដឹងចំនួននៅឡើយទេនៅពេលនេះ ដោយសារ ព្រិលធ្លាក់ខ្លាំង” ។ ឧបទ្ទវហេតុនេះបណ្តាលឱ្យមានការបិទប្រហែល 4 ម៉ាយ (6.5 គីឡូម៉ែត្រ) ។
នាយកដ្ឋានដឹកជញ្ជូន Oregon បាននិយាយថា “ស្ថានភាពផ្លូវនៅលើផ្នែកដែលរងផលប៉ះពាល់នៃ I-84 ត្រូវបានចាត់ទុកថារអិល ប៉ុន្តែអាចឆ្លងកាត់បាន” ។ “គ្រោះថ្នាក់នេះបណ្តាលមកពីខ្យល់ព្រិលខ្លាំង រួមផ្សំនឹងអ្នកបើកបររថយន្តបើកបរលឿនពេកសម្រាប់លក្ខខណ្ឌអាកាសធាតុរដូវរងានៅក្នុងតំបន់”។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា មនុស្សជាច្រើនបានជាប់នៅក្នុងរថយន្តរបស់ពួកគេ ហើយប៉ូលីសបានសុំឱ្យពួកគេនៅនឹងកន្លែងរហូតដល់ពួកគេត្រូវបានគេប្រាប់ថាវាមានសុវត្ថិភាពក្នុងការចេញ។
ឧបទ្ទវហេតុនេះ គឺជាឧបទ្ទវហេតុមួយក្នុងចំណោមឧបទ្ទវហេតុជាច្រើនដែលបានកើតឡើងនៅថ្ងៃទី 13 ខែកុម្ភៈ ដោយសារព្យុះរដូវរងាបាននាំមកនូវការធ្លាក់ព្រិលពាសពេញភាគខាងជើងរដ្ឋ Oregon និងភាគខាងត្បូងទីក្រុងវ៉ាស៊ីនតោន។ ប៉ូលីសរដ្ឋ Oregon ក៏បានឆ្លើយតបទៅនឹងគ្រោះថ្នាក់ចំនួន 8 ផ្សេងទៀត ហើយមនុស្ស 4 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសស្រាល៕
រូបថត: AP