ភ្នំពេញ៖ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (CMAC) នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ដឹកនាំដោយលោកស្រី Bridgette Walker ភារធារី នៃស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជានិងអមដំណេីរដោយលោក Mr. Jason Kalbfleisch អនុប្រធានស្តីទីស្ថានទូត វរសេនីយ៍ឯក Kyle Saltzman អនុពន្ធ័យោធា និងលោកស្រី Ms. Kelly Saltzman ទទួលបន្ទុកកិច្ចការនយោបាយ ។ ក្នុងជំនួបពិភាក្សានេះ ផ្តោតសំខាន់លេីការពង្រឹងទំនាក់ទំនងសហប្រតិបតិ្តការល្អរវាងសហរដ្ឋអាម៉េរិកនិងកម្ពុជា ជាពិេសសលេីវិស័យសកម្មភាពកំចាត់មីន។
ឆ្លៀតក្នុងឱកាសនេះ លោកអគ្គនាយកស៉ីម៉ាក់ បានជម្រាបគណៈប្រតិភូពីវឌ្ឍនភាពសម្រេចបានក៏ដូចផែនការយុទ្ធសាស្ត្រនៃវិស័យបោសសម្អាតមីននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលបានជួយអង្គភាពស៊ីម៉ាក់ក្នុងការបង្កើនសមត្ថភាពនិងលទ្ធភាពនៅក្នងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនៅកម្ពុជា។
ជាមួយគ្នានេះ លោកស្រីក៏បានសំដែងនូវការអបអរសាទរនូវសមិទ្ធិផលរបស់កម្ពុជាដែលសម្រេចបានមិនត្រឹមតែបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមជួយគាំទ្រដល់ប្រទេសមានបញ្ហាមីននៅលេីពិភពលោកផងដែរ។ ក្នុងឱកាសនេះដែរ លោកស្រីក៏បានចូលរួមរំលែកទុក្ខចំពោះការពលីអ្នកឯកទេសបោសសម្អាតពីររូបក្នុងឧបទ្ទហេតុផ្ទុះមីនតោន កាលពីពាក់កណ្តាលខែមករាឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។
ពាក់ពន្ធ័នឹងការផ្អាកជំនួយរបស់សហរដ្ឋអាម៉េរិកនៅទូទាំងសកលលោក ដោយរួមមានប្រទេសកម្ពុជា និងប៉ះពាល់ដល់កម្លាំងប្រតិបត្តិការរបស់អង្គភាពសុីម៉ាក់ផងនោះ លោកស្រីបានបញ្ជាក់ថា ករណីលោកស្រីទទួលបានព័ត៌មានជាក់លាក់ពីរដ្ឋាភិបាលអាមេរិកនោះនឹងផ្តល់ដំណឹងមកអង្គភាពសុីម៉ាក់។ លោកស្រីក៏បានសម្តែងនូវសុទិដ្ឋិនិយមអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថាគ្រប់យ៉ាងនឹងមានភាពកាន់តែល្អប្រសើរនាពេលអនាគត៕
ដោយ៖តារា