ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃសៅរ៍ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈនៅតាមបណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១៥%។
ក្រសួងធនធានទឹក បានបញ្ជាក់ថា របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
១-តំបន់វាលទំនាប៖
សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៤ម៉ែត្រ វិនាទី។ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល ភ្នំពេញ និងខេត្តតាកែវ អាចមានភ្លៀងធ្លាក់គ្រប ដណ្តប់លើផ្ទៃដី១០%។
២-តំបន់ខ្ពង់រាប៖
សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ និង ក្រចេះ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,២៥ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕ដោយ៖តារា