ភ្នំពេញ ៖ លោក សុខ តុលា អាយុ៤០ឆ្នាំ នឹងត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយឃាត់ខ្លួន ពេលកម្លាំងនគរបាលស្ទាក់ចាប់ក្រុមជនជាតិចិន ដែលបាញ់ប្រហារនៅមជ្ឈមណ្ឌលរតនសម្បត្តិ ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ៖ លោក សុខ តុលា ត្រូវកម្លាំងនគរបាលឃាត់ខ្លួននៅចំណុចភូមិកូនដំរី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រលប់ថ្ងៃកើតហេតុ នៅពេលលោកកំពុុងដឹកជនជាតិចិនទាំង៣នាក់ ដែលបានម៉ៅឡានរបស់លោកគេចខ្លួនពីភ្នំពេញ ក្រោយបង្កហេតុ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា អ្នករត់តាក់ស៊ី ក្រោយអប់រំរួច នឹងដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។ បើតាមលោកឧត្តមសេនីយ៍ស្នងការ, អ្នករត់តាក់ស៊ីម្នាក់នេះ ត្រូវបានក្រុមជនល្មើសជួលតម្លៃ៨០ដុល្លារ ឲ្យដឹកពួកគេពីភ្នំពេញ ទៅប៉ោយប៉ែត ដើម្បីគេចខ្លួន។
នេះជាការផ្តល់យុត្តិធម៌សម្រាប់ជនដែលមិនពាក់ព័ន្ធនឹងបទល្មើស ពោលគ្រាន់តែស៊ីឈ្នួលដឹក ដើម្បីចិញ្ចឹមគ្រួសារប៉ុណ្ណោះ។ សូមអរគុណលោក តុលា ដែលបានចូលរួមសហការ និងបំភ្លឺជូនសមត្ថកិច្ច។
សម្រាប់ជនជាតិចិនទាំង៤នាក់ (ចាប់ឃាត់នៅភ្នំពេញម្នាក់ និងប៉ោយប៉ែត៣នាក់) នឹងត្រូវបញ្ជូនទៅតុលាការ ក្រោយបញ្ចប់ការសួរនាំ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅតុលសការ ៕
ដោយ ៖ សិលា