ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងក្នុងព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត និងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ និងស្ថិតនៅក្នុងបរិវេណ វត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ព្រះរាជវត្តមានរបស់ព្រះករុណា ព្រះមហាក្សត្រនៅក្នុងព្រះរាជពិធីនេះ បង្ហាញពីព្រះរាជហឬទ័យយកចិត្តទុកដាក់បំផុតរបស់ព្រះអង្គចំពោះកិច្ចការអភិរក្ស ការការពារ និងការសិក្សាស្រាវជ្រាវសម្បត្តិបេតិកភណ្ឌខ្មែរ និងជាការប្រទានតម្លៃដ៏ខ្ពង់ខ្ពស់បំផុតដល់បេសកកម្មរបស់សាលាបារាំងចុងបូព៌ាប្រទេសផងដែរ។ វត្តឧណ្ណាលោម ស្ថិតនៅក្នុងចំណោមវត្តទាំង៦ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានសាងសង់ឡើងក្នុងរជ្ជកាល ព្រះចៅពញាយ៉ាត នៅក្នុងឆ្នាំ១៤៣៧ ហើយអ្វីដែលជា កត្តាប្រវត្តិសាស្ត្រនោះគឺ មានតែវត្តឧណ្ណាលោមតែមួយគត់ ដែលមានប្រាសាទសម័យអង្គរ ដោយយោងតាមការសិក្សាបង្ហាញថា ប្រាសាទនេះសាងសង់ឡើង ក្នុងចន្លោះសតវត្សរ៍ទី១១ និងទី១២ ដោយមានរចនាបថកោះកេរ។ ប្រាសាទនេះ ធ្វើពីថ្មភក់ បែរមុខទៅទិសខាងកើត ។ ប្រាសាទនេះបានប្រែក្លាយជាចេតិយនៅសម័យក្រោយអង្គរ សម្រាប់ការគោរពបូជាក្នុងព្រះពុទ្ធសាសនា ដែលមានឈ្មោះថា ប្រាសាទពោធិលោម ដែលគេជឿថា ចេតិយនេះជាទីបញ្ចុះនូវ ឧណ្ណាលោម (គឺរោមចិញ្ចើម) របស់ព្រះអរហន្ត ព្រះនាមអស្សជិត្ថេរ ទើបគេហៅចេតិយនេះថា ឧណ្ណាលោម ហើយក៏ក្លាយជាឈ្មោះវត្តរហូតមកដល់បច្ចុប្បន្ននេះ។
វត្តនេះ មានមហាកុដិមួយដែលបានផ្តើមស្ថាបនាឡើង នៅក្នុងឆ្នាំ១៩៤៩ ក្រោម ព្រះរាជូបត្ថម្ភ របស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី និង រួមមួយអន្លើដោយសទ្ធាជ្រះថ្លា រួបរួមគ្នា ពីសំណាក់ពុទ្ធបរិស័ទ ក្នុងក្រុងភ្នំពេញ និងខេត្តផ្សេងទៀត ដរាបដល់រួចរាល់ជាស្ថាពរ ហើយបានសម្ពោធឆ្លង ចាប់ពី ថ្ងៃទី១០-១៣ ខែមករា ឆ្នាំ១៩៥២។ មហាកុដិនេះទៀតសោត បានក្លាយជាព្រះរាជដំណាក់ នៃសម្ដេចព្រះសង្ឃរាជរហូតដល់ទៅ ៣ព្រះអង្គគឺ៖
-ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៦៩ ជាទីគង់ប្រថាប់របស់ សម្តេចព្រះសង្ឃរាជ ជួន ណាត
-ពីឆ្នាំ១៩៦៩ ដល់ឆ្នាំ ១៩៧៥ ជាទីគង់ប្រថាប់របស់ សម្តេចព្រះសង្ឃរាជ ហួត តាត
-ពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៤ ជាទីគង់ប្រថាប់របស់ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ។
នៅអំឡុងទសវត្សរ៍ឆ្នាំ៥០ ដល់ ទី៦០ មហាកុដិ នេះ ជាន់ខាងលើ ជាកន្លែង ដែលសម្តេចព្រះសង្ឃរាជ ជួន ណាត តាក់តែង និង រចនានូវវចនានុក្រមខ្មែរដ៏ល្បីល្បាញ ហើយបានបន្សល់ទុកសម្រាប់ឧត្តមប្រយោជន៍ ផ្នែកអក្សរសាស្ត ជាតិរហូតមកដល់បច្ចុប្បន្ននេះ។ ចំណែកឯជាន់ខាងក្រោមនៃមហាកុដិវិញ ត្រូវបានប្រើប្រាស់ ជាក្រសួងសម្ដេចព្រះសង្ឃរាជនាសម័យនោះ។ អាស្រ័យដោយអាយុកាលនៃសំណង់ អស់រយៈកាលជាច្រើនឆ្នាំមកហើយ ។ ដោយឃើញសភាពបែបនេះ ឯ.ឧ.កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និង លោក ជំទាវ ទេព បុប្ផាប្រសិទ្ធ ព្រមជាមួយ ឯ.ឧ. ជា ចាន់តូ និង លោក ជំទាវ ខៀវ ស៊ីណា និង លោកជំទាវ បណ្ឌិត ជា សិរី និង ពុទ្ធបរិស័ទជាច្រើនទៀត មានសទ្ធាជ្រះថ្លា បានជួសជុលកែលម្អឲ្យមានសភាពដូចដើមឡើងវិញ ជាដំណាក់កាលគិតពីឆ្នាំ ១៩៩០ ដល់មហាកុដិនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង២០២៥ ដោយចំណាថវិកាសរុបអស់ ១ ០៣៦ ៩៤៧.៨០(មួយលាន បីម៉ឺន ប្រាំបួនពាន់ សែសិបប្រាំពីរ ដុល្លារ) ដើម្បីតម្កល់ទុកជាសម្បត្តិព្រះពុទ្ធសាសនា។
ក្រៅពីមហាកុដិនេះ វត្តឧណ្ហាលោម មានអគារវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្ស សាស្ត្រាស្លឹករឹតខ្មែរ កំពស់២ជាន់ កសាងឡើង នៅអំឡុងឆ្នាំ១៩២០ ដែលកាលណោះ ជា កុដិសម្រាប់ព្រះសង្ឃគង់នៅ។ អគារស្លូតរឹតនេះ ត្រូវបានប្រើប្រាស់ជាដំណាក់កាលៗ គឺ៖
-ចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៨ ប្រើប្រាស់ជាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
-ចាប់ពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន ជាវិទ្យាស្ថានស្រាវជ្រាវ និងអភិក្សសាស្ត្រាស្លឹករឹតខ្មែរ ដែលបានបង្កើតឡើងដោយលោក Olivier de Bernon ដែលបានដាក់ឱ្យដំណើរការ ចាប់តាំងពី ឆ្នាំ១៩៩០ ក្នុងគោលបំណង ដើម្បីអភិរក្សនិងប្រមូលសាស្ត្រាស្លឹករឹតខ្មែរនៅទូទាំងប្រទេស ដែលនៅសេសសល់ក្រោយពី សម័យសង្គ្រាម។ ចាប់ពីឆ្នាំ១៩៩១ ដល់ ១៩៩៨ វិទ្យាស្ថាន មានទីស្នាក់ការនៅក្នុងព្រះបរមរាជវាំង ដោយ ទទួលបានព្រះរាជូបត្ថម្ភផ្ទាល់ ពីព្រះករុណាព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋិ រហូតដល់ឆ្នាំ ១៩៩៨ ទើបវិទ្យាស្ថាន បានផ្លាស់ប្តូរទីស្នាក់របស់ខ្លួនមក កាន់វត្តឧណ្ណាលោម ក្រោមព្រះរាជូបត្ថម្ភសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះ មហារាជនៃព្រះរាជាណាចក្រកម្ពុជា។ក្រៅពីប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់លោក Olivier de Bernon
វិទ្យាស្ថានក៏បានទទួលការឧបត្ថម្ភហិរញ្ញវត្ថុពី សាលាបារាំងចុងបូព៌ាប្រទេស ក្នុង១ឆ្នាំ ចំនួន១០ម៉ឺនដុល្លារ (រយៈពេល ២២ឆ្នាំ គឺចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០១២)។
នាពេលថ្មីៗនេះ មូលនិធីពុទ្ធសាសនាខ្មែរ របស់លោក Chris Larsen និង លោកស្រី Lyna Lam បានចំណាយថវិកា ១ ០០០ ០០០ ដុល្លារ ដើម្បីថតសាស្ត្រទាំងអស់ទុកជាឯកសារឌីជីថល។
នៅក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ វិទ្យាស្ថានបានប្រមូល សាស្ត្រាស្លឹករឹត សរុបទាំងអស់ចំនួន ២៤០១៩ខ្សែ ដោយមាន សាស្ត្រាជាភាសាខ្មែរចំនួន
១៥ ៦៦២ខ្សែ និងសាស្ត្រា ជាភាសាបាលីចំនួន ៨៣៥៧ខ្សែ។
នៅក្នុងឆ្នាំ២០២៤ ដោយអគារស្លឹករឹតដ៏មានប្រយោជន៍នេះ មានសភាពពុកផុយ និង លិចស្ទើរគ្រប់កន្លែងទាំងអស់ ដែលមិនអាចប្រើប្រាស់បន្តទៅទៀតបាន ទើប ឯ.ឧ. ជា ចាន់តូ កាលលោកនៅមានជន្មាយុនៅឡើយ និង លោកជំទាវ ខៀវ ស៊ីណា ព្រមទាំងលោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជួសជុលអគារនេះ ឲ្យមានសភាពល្អ ឡើងវិញ ដោយចំណាថវិកាអស់ចំនួន ៩៨០០០ ដុល្លា។ក្រៅពី ពីការជួសជុលមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និង អគារស្លឹតរឹតនេះ ក្រុមគ្រួសាររបស់ ឯ.ឧ.ជា ចាន់ តូ និង លោកជំទាវ ខៀវ ស៊ីណា ព្រមទាំងពុទ្ធបរិស័ទ បាន
ជួសជុលកុដិព្រះតេជគុណ គឹម តូ កុដិលេខ៣៩ កុដិបណ្ណាល័យ ដំបូលព្រះវិហារ សាងសង់ ខឿនជុំវិញវត្តទាំងមូល និងជាវសម្ភារៈសម្រាប់ប្រើប្រាស់នៅក្នុងវត្ត ដោយចំណាយវថិការអស់ ១០៧៧៥៥ ដុល្លារ។
ចំពោះកិច្ចការជួសជុល និង សាងសង់នានានៅក្នុងវត្តឧណ្ណាលោម ក្រុមគ្រួសារ ឯ.ឧ. កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និង លោកជំទាវ បានបរិច្ចាគថវិកាចំនួន ៥១១៦៩២.០៨ ដោយ ឡែកក្រុមគ្រួសារ ឯ.ឧ. បណ្ឌិត ជា ចាន់តូ និង លោកជំទាវ ខៀវ ស៊ីណា បានបរិច្ចាគថវិកាចំនួន ៥២៥២៥៥ ដុល្លា។ ថវិកាសរុប ដែលបានចំណាយសម្រាប់ជួលជុលសំណង់នានា និង ដំណើរការ វិទ្យាស្ថានស្លឹករឹត អស់ថវិកា ៤ ២៣៦ ៩៤៧.៨ ដុល្លា។ វត្តឧណ្ណាលោមមិនត្រឹមតែជាអារាមព្រះពុទ្ធ សាសនា ជាមជ្ឈមណ្ឌលថែរក្សាអក្សរសាស្រ្ត វប្បធម៌ និង ប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែវត្តនេះ គឺពោរពេញទៅដោយប្រវត្តិសាស្ត្រដ៏គួរឲ្យសង្វេគ និង សោមនស្សរីករាយសម្រាប់ពុទ្ធសាសនិកខ្មែរ នៅក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះផងដែរ។ ឧណ្ណាលោម គឺជាវត្ត ដែលសម្តេច ព្រះសង្ឃរាជ ហូត តាត ត្រូវបានពួកខ្មែរក្រហម នាំព្រះកាយយកទៅធ្វើគត់ ដើម្បីបញ្ជប់វត្តមាន ព្រះពុទ្ធសាសនានៅលើដែនដីកម្ពុជា ក្រោយព្រះសាសនាបានប្រតិស្ថាន អស់រយៈពេលជា ច្រើនសតវត្សនៅកម្ពុជា ហើយក៏ជាវត្ត ដែលអតីតសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និង សម្តេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត និងព្រះថេរៈចំនួន៥ព្រះអង្គទៀត បានចាប់ផ្តើមស្តារព្រះ ពុទ្ធសាសនាឡើងវិញនៅក្នុងឆ្នាំ១៩៧៩
ក្រោមការជួយជ្រោមជ្រែងរបស់សម្តេចធម្មពោធិ សាល ជា ស៊ីម សម្តេចពញាចក្រី ហេង សំរិន និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូល ទទួលបាននូវសុខសន្តិភាព និងការរីកចម្រើន រហូតមកដល់ពេលបច្ចុប្បន្ននេះតាមមាគ៌ានយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចតេជោសែន ក្រោមម្លប់បារមីដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រនៃយើង៕
ដោយ ៖ សិលា