រដ្ឋមន្ត្រីក្រសួងអប់រំ ៖ AI នៅមិនទាន់ជំនួសលោកគ្រូអ្នកគ្រូ ដោយសារគ្មានបេះដូង និងមិនទាន់អាចមានសមត្ថភាពសម្រេចចិត្តជំនួសមនុស្សបាន

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា AI នៅមិនទាន់ជំនួសលោកគ្រូអ្នកគ្រូ ដោយសារគ្មានបេះដូង និងមិនទាន់អាចមានសមត្ថភាពសម្រេចចិត្តជំនួសមនុស្សបាននៅឡើយទេ។

សូមបញ្ជាក់ថា ៖ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ (The First Cambodia EdTech Summit) ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល» ដែលប្រព្រឹត្តិទៅនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកស្រី ថ្នាក់ដឹកនាំក្រសួង លោកស្រី Moonjung Choi, Country Director of KOICA Cambodia Office, លោកបណ្ឌិត Aniban, Deputy Representative of UNICEF, Chair of ESWG , លោក Simon Perkins នាយកប្រតិបត្តិផ្នែកព័ត៌មានវិទ្យា នៃក្រុមហ៊ុនសែលកាត ឯកឧត្តមបណ្ឌិត សាកលវិទ្យាធិការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ តំណាងដៃគូអភិវឌ្ឍ វិស័យឯកជន និងសិស្សនិស្សិត។

មានប្រសាសន៍នាឱកាសនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ (The First Cambodia EdTech Summit) ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា ផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តអប់រំឌីជីថលសម្រាប់សាលារៀន, ផ្ដល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធដើម្បីពិភាក្សា ចែករំលែកចំណេះដឹង និងឧត្ដមានុវត្តន៍បច្ចេកវិទ្យាអប់រំ, ការប្រមូលធាតុចូលសម្រាប់ការអភិវឌ្ឍក្របខ័ណ្ឌបច្ចេកវិទ្យាអប់រំ (EdTech Framework) និងក្របខ័ណ្ឌសាលារៀនឌីជីថលកម្ពុជា (Cambodia’s Digital School), និងការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំពីវិស័យសាធារណៈ និងឯកជនជាង ៥០ស្ថាប័ន ព្រមទាំងកម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែលប្រើប្រាស់បច្ចេកវិទ្យាអប់រំ ប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់កម្ពុជាប្រចាំឆ្នាំ ២០២៥ និងការប្រកួតប្រជែងសមត្ថភាពឌីជីថលដែលអ្នកចូលរួមអាច វាស់ស្ទង់សមត្ថភាព និងចំណេះដឹងឌីជីថលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print