ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូច ថ្មើរជើង លេខ ៤២ យោធភូមិភាគទី៤ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្ត
ក្នុងការ ចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ ។
លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ ។
សូមបញ្ជាក់ថា ៖ តើមានហេតុការណ៍អ្វីកើតឡើងនៅប្រាសាទតាមាន់រហូតមានការប៉ះទង្គិចដោយពាក្យសំដីខ្លាំងៗរវាងមេទ័ពខ្មែរ និងទាហានថៃ?
តាមការសួរនាំមន្រ្តីនៅតំបន់នោះ គឺហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៥។
មុនពេលមានហេតុការណ៍នេះកើតឡើង ទាហានថៃសុំខាងទាហានខ្មែរ ដើរល្បាតដូចរាល់ដង តែទាហានថៃចង់ដើរតាមផ្លូវថ្មី ទើបទាហានខ្មែរហាមឃាត់។
នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋខ្មែរយើង ពេលនាំយកអំណោយទៅចែកជូនកងទ័ពនៅតំបន់ព្រំដែន ក៏បាននាំគ្នាទៅលេងកំសាន្តនៅប្រាសាទតាមាន់ ដែលជាទឹកដី និងប្រាសាទរបស់យើង ហើយក៏នាំគ្នាច្រៀងបទ នគររាជ ដែលជាទម្លាប់របស់បងប្អូនខ្មែរយើងតែងតែធ្វើបែបនេះទៅហើយ ពីព្រោះដីយើង យើងចង់ច្រៀងបទអ្វីក៏បានដែរ។
ដោយសារឃើញបងប្អូនខ្មែរយើងច្រៀងបទចម្រៀងនេះ ស្រាប់តែទាហានថៃមួយក្រុមចេញមកហាមឃាត់ ហើយបានបញ្ជូនកម្លាំងច្រើននាក់ ខុសរាល់ដងមកក្បែរតំបន់នេះ។
សកម្មភាពបំពានទាំងនេះ ទើបកងទ័ពរបស់យើង ដឹកនាំដោយមេទ័ពប្រចាំនៅប្រាសាទតាមាន់ គឺលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានចេញទៅហាមឃាត់ រហូតប៉ះពាក្យសំដីគ្នាខ្លាំងៗជាមួយទាហានថៃ។ ពាក្យមួយម៉ាត់ដែលលោកមេទ័ព នាក់ វង្ស ប្រើទៅកាន់ទាហានថៃ គឺបើចង់បាញ់គ្នា យើងបាញ់ យើងមិនខ្លាចនោះឡើយ។
ក្រោយហេតុការណ៍នេះកើតឡើង, ខាងមេទ័ពថៃដែលប្រចាំការជាប់ប្រាសាទតាមាន់ បានទាក់ទង និងទូរស័ព្ទមកលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស ដោយធ្វើការសម្របសម្រួល និងបន្ធូរស្ថានភាពដែលបានកើតឡើងនៅលើប្រាសាទតាមាន់នៅថ្ងៃទី១៣ ខែកុម្ភ:។
នៅពេលនេះថ្នាក់ដឹកនាំយោធា នៃប្រទេសទាំង២ បាននិងកំពុងសម្របសម្រួល ដើម្បីចៀសវាងការប៉ះទង្គិច និងប្រទាំងប្រទើសដាក់គ្នានៃកងទ័ពដែលប្រចាំការនៅទីនោះ៕
ដោយ ៖ សិលា