ភ្នំពេញ ៖ នារីម្នាក់បើករថយន្ដមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុករថយន្ដក្រុងត្រង់ផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ និង៤០ នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ៥៦៦ កែងនិងផ្លូវបឹងកក់ ក្នុងសង្កាត់ស្រៈចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ដតូយូតា ព្រូសមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BQ- 6301 បើកបរដោយនារីម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥៦៦ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈធ្វើដំណើរដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ដក្រុងមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3 E- 6256 ធ្វើដំណើរតាមបណ្ដោយផ្លូវបឹងកក់បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងមកជើងក្នុងលឿនមធ្យមបានឆ្លងកាត់ផ្លូវបានពាក់កណ្ដាលក៏ស្រាប់តែរថយន្ដព្រូសខាងលើ បើកទៅបុករថយន្ដក្រុងចំផ្នែកពីខាងមុខចំហៀងកង់មុខខាងឆ្វេង វេងទៅក្រៀបជាប់កង់ខាងក្រោយរថយន្ដបណ្ដាលអោយរងការខូចខាត សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កគ្រោះថ្នាក់ដ៏អ្នកណាម្នាក់នោះទេ ។ ដោយឡែក រថយន្ដព្រូសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯងរថយន្ដក្រុងវិញខូចខាតផ្នែកពីចំហៀងខាងឆ្វេងតិចតួច ។
ក្រោយពេលកើតហេតុសមត្ថកុច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុបានអោយភាគីទាំង២ ធ្វើការសម្រួលគ្នា បព្ចាប់រឿងនៅនិងកន្លែងកើតហេតុ ៕ដោយ ៖ ភារ៉ា ដង្កោ