ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ (The First Cambodia EdTech Summit) ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល» ដែលប្រព្រឹត្តិទៅនាថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
បន្ទាប់ពីស្តាប់របាយការណ៍បូកសរុបលទ្ធផល របស់លោកស្រីសាស្ត្រាចារ្យបណ្ឌិត បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការ រួចមក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលជំរុញឱ្យកម្មវិធីនេះប្រព្រឹត្តទៅបានដោយរលូន និងសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ឆ្លើយតបទៅចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំងបានគូសបញ្ជាក់ថា លទ្ធផលនេះ បានបង្ហាញពីសក្តានុពលក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការសិក្សារៀនសូត្រ និងដោះស្រាយបញ្ហាប្រឈមនានា, ទាក់ទាញសិស្សានុសិស្សក្នុងការរៀនសូត្រ និងស្វែង យល់បន្ថែមពីបំណិនសតវត្សទី២១ បំណិនបញ្ញាសប្បនិម្មិត(AI) និងបំណិនឌីជីថល ដែលជាចក្ខុវិស័យរបស់ ក្រសួងអប់រំ យុវជន និងកីឡា។
មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីភាពផ្លាស់ប្តូរដ៏សំខាន់ក្នុងវិស័យអប់រំ ដែលបច្ចេកវិទ្យា AI បានធ្វើ បដិវត្តន៍ដល់ការរៀនសូត្រ និងបានលើកឡើងពីប្រព័ន្ធអេកូឡូស៊ី ដោយទាមទារឱ្យមានការគាំទ្រពី មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសហគមន៍ទាំងមូលទៅលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀននិងរៀន ដែលអាចផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបានបទពិសោធសិក្សាបែបផ្ទាល់ខ្លួន និងអាចស្វ័យសិក្សាដោយខ្លួនឯងបាន ដោយក្រសួងអប់រំនឹងនៅតែបន្តជួយគាំទ្រពីក្រោយជានិច្ច ជាពិសេស សម្រាប់សិស្សខ្សោយ ដើម្បីរក្សាបាននូវបរិយាបន្នក្នុងការអប់រំ។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ គឺត្រូវពង្រឹងមូលដ្ឋានគ្រឹះ ដោយបង្រៀនកុមារឱ្យចេះស្រឡាញ់ និងចូលចិត្តការ សិក្សារៀនសូត្រ, ប្រើប្រាស់ AI ជួយគាំទ្រដល់ កញ្ចប់គណិតដំបូង អំណានដំបូង, បង្រៀនសិស្សឱ្យចេះគិត និងចេញស្រមើលស្រមៃ, ពង្រឹងអក្ខរកម្មឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យាបង្កើតមាតិកា និងខ្លឹមសារមេរៀន ក៏ដូចជាលើកទឹកចិត្តឱ្យសិស្សរៀនបង្កើតសៀវភៅ ឬ Platformដោយខ្លួនឯង,ទាមទារឱ្យប្រើប្រាស់វិធីសាស្ត្រ ថ្មីៗដូចជារៀនអំពីការរៀន (Learn how to learn), បំណិនក្រមសីលធម៌នៃការប្រើប្រាស់បច្ចេកវិទ្យា, បំណិនសតវត្សទី២១ គឺការត្រិះរិះពិចារណា ធ្វើការងារជាក្រុម និងពង្រឹងការអនុវត្តមុខវិជ្ជាថ្នាក់វិទ្យាសាស្ត្រ (STEM) ឱ្យកាន់មានភាពទូលំទូលាយ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ដៃគូអភិវឌ្ឍន៍ក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រដៃគូផ្នែកចំណេះ ដឹងនិងអ្នកពាក់ព័ន្ធទាំងអស់ដែលគាំទ្រនិងសហការរៀបចំឱ្យមានវេទិកានេះឡើង ក្នុងគោលដៅបង្ហាញនូវការអភិវឌ្ឍថ្មី គំនិតច្នៃប្រឌិត នវានុវត្តន៍ និងឧត្តមានុវត្តន៍ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅប្រទេសកម្ពុជាក្នុងវិស័យសាធារណៈ និងឯកជន ជាពិសេសការលើកកម្ពស់ការរៀបចំយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន និងលើកឡើងថា មានការរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី២ នាឆ្នាំ ក្រោយ ហើយនឹងមានការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាបន្ថែមទៀត ព្រមទាំងរៀបចំការជ្រើសរើសគ្រូល្អផ្នែកបច្ចេកវិទ្យានាពេលអនាគត ដើម្បីលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែង និងអភិវឌ្ឍខ្លួនទៅលើការអប់រំផ្នែកបច្ចេកវិទ្យានេះឱ្យកាន់តែមាន ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅកាត់បន្ថយគម្លាតចំណេះដឹងជាមួយបណ្ដាប្រទេសអភិវឌ្ឍន៍នានា ក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមជាតិកម្ពុជា៕