ភ្នំពេញ÷ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានបង្ហាញក្តីរីករាយ ដែលបានចូលរួមបរិច្ចាគឈាមជាមួយមហាជន ក្នុងកម្មវិធីបាល់ទាត់សប្បុរសធម៌ ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» បានលើកឡើងថា ការបរិច្ចាគឈាមដោយស្ម័គ្រ ចិត្តរបស់បងប្អូន គឺទទួលបាន ១២៥៧សាក់ ខណៈគោលដៅគឺយើងចង់បាន ១០០០សាក់ ក្នុងជំហានដំបូងនេះ។
នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសរៀបចំការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» ដែលបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។
លោក ហ៊ុន ម៉ានី ថ្លែងថា ការប្រកួតបាល់ទាត់សប្បុរស ធម៌ ដែលផ្តោតសំខាន់លើការអំពាវនាវដល់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ពិតជាមានសារៈសំខាន់ ដែលយើងបានដាក់គោលដៅឱ្យបាន ១០០០សាក់ ប៉ុន្តែការបរិច្ចាគនេះបានកើនឡើងច្រើន ចំនួន ១២៥៧សាក់ (ទូរលេខបណ្តោះអាសន្ន)។ ឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់បងប្អូនមហាជនទាំងអស់ បូករួមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាពិតជាមានតម្លៃធំធេងណាស់ ក្នុងការចូលរួមជួយសង្គ្រោះអាយុជីវិត ដែលត្រូវការឈាម។ លោកបន្ថែមថា ឆ្លងកាត់តាមការ ពិភាក្សារបស់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជានឹងរៀបនចំជាប្រចាំ ដោយផ្តោតអារម្មណ៍លើការងារសប្បុរស ធម៌ក្នុងការផ្តល់ឈាមដែលជាការចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងរាជរដ្ឋាភិបាលកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានអញ្ជើញចូលរួមព្រឹត្តិការណ៍បរិច្ចាគឈាម បានគូសបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនេះ គឺជាការរៀបចំឡើងដោយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងគោលបំណងបង្កើតទម្លាប់នៃវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រ ចិត្ត និងជំរុញការលើកកម្ពស់ប្រជាជនទូទៅចូលរួមធ្វើសកម្មភាព ជាមួយនឹងសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវការផ្តល់ជូនឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម និងគ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនមានការរើសអើងជាតិ សាសន៍ សាសនា ឬនិន្នាការនយោបាយ ជាពិសេសផ្សារភ្ជាប់សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
លោក ស៊ីថូ ណាថាន់ ប្រធានក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានរំលិចថា ការចូលរួមបច្ចាគឈាមពីសប្បរសជនពិតណាស់ គឺបានរួមចំណែកជួយទៅក្នុងសង្គម ព្រោះឈាមដែលយើងទាំងអស់គ្នាបរិច្ចាគនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានយកទៅជួយសង្រ្គោះអាយុជីវិតដល់អ្នកដែលត្រូវការឈាម។
លោក វេជ្ជបណ្ឌិត សុខប៉ូ ប្រធានមជ្ឈមណ្ឌល ជាតិផ្តល់ឈាម បានពន្យល់អំពីសារសំខាន់នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ គឺបានចូលរួមសកម្មភាពសប្បុរសធម៌ជួយដល់សង្គម និងជួយឱ្យយើងបានផ្លាសប្តូរឈាមកោសិកាថ្មី ជួយបង្កាជំងឺជាច្រើន ជាពិសេស គឺហនិភ័យពីជំងឺមហារីកផងដែរ។
តាមការបញ្ជាក់បន្ថែមពីលោកវេជ្ជបណ្ឌិត សុខប៉ូ បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងមន្រ្តីរាជការក្នុងរាជធានីភ្នំពេញបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ចាប់ពី៧ព្រឹកដល់ម៉ោង៧:៣០នាទីល្ងាច ហើយទទួលបាន ១២៥៧ សាក់ ក្នុងនោះទទួលបានឈាម O ចំនួន ៥៦០សាក់ ក្រុមឈាម A ចំនួន ៣៣៤សាក់ ក្រុមឈាម B ចំនួន ២៤០សាក់ និងឈាមAB ចំនួន១២៣សាក់។ លោកវេជ្ជបណ្ឌិតបានអះអាងថា ការបរិច្ចាគឈាមរបស់បុរស និងនារីមិនមានផលប៉ះពាល់សុខភាពនោះទេ ពោលបើយើងមិនបរិច្ចាគ ក៏កោសិកាឈាមក្រហមរស់បានតែ ១២០ថ្ងៃប៉ុណ្ណោះ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតបាល់ទាត់ រវាងក្រុមពិធីករកីឡាកម្ពុជា ជាមួយក្រុម បាល់ទាត់គុនខ្មែរបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ៤ទល់៤៕