ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២,៥៥១នាក់ នារី ១,១៦៩នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស។ ក្នុងនោះនិស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៦៩នាក់ផងដែរ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងណែនាំដល់ក្រសួងការងារបណ្ដុះបណ្ដាលជីវៈ និងស្ថាប័នផ្សេងទៀត ត្រូវយកចិត្តទុកដាក់ពង្រីកឱកាសការងារ ឱ្យមានភាពបត់បែន និងបើកច្រកការងារឲ្យបានច្រើន ដល់អ្នកមានជំនាញស្រាប់ ។
-សម្តេចធិបតី ថ្លែងថា ផ្ដល់អនុសាសន៍មួយចំនួនដល់លោកគ្រូអ្នកគ្រូ ជាឪពុកម្ដាយទី២ ត្រូវដើរមុនទាំងការដឹកនាំធ្វើជាគំរូទាំងក្រមសីលធម៌ ទាំងប្រតិបត្តិផ្ទាល់ ដល់សិស្ស និងដល់យុវជនជំនាន់ក្រោយ ។
-សម្ដេចធិបតី ថ្លែងថា រឿងសមត្ថកិច្ច និងរឿងឯកឧត្តម សុខ ទូច ទុកឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការងារនេះចុះ។ ដោយឡែករឿងលូមួយកង់តម្លៃ ៤០ ដុល្លារ អាជ្ញាធរក៏បានពន្យល់រួចអស់ហើយដែរ។ ខណៈលូការដាក់លូជូនពលរដ្ឋរដ្ឋាភិបាលមានគោលនយោបាយសម្រាប់ធ្វើ ប៉ុន្ដែកន្លែងខ្លះពលរដ្ឋស្នើដាក់មុន។
-សម្តេចធិបតី ថ្លែងប្រាប់ទៅក្រុមហ៊ុនស្ថាបនា ផ្លូវទាំងអស់ ដែលទទួលបានកិច្ចសន្យាពីរដ្ឋាភិបាល បើធ្វើផ្លូវ កាយលូហើយ ត្រូវដាក់លូទៅវិញភ្លាម មិនអាចទុកឱ្យកន្លែងនោះ នៅទុកចោលយូរនោះទេ។
-សម្ដេចធិបតី ថ្លែងថា ករណីប៉ូលីសចរាចរណ៍ជាមួយលោកបណ្ឌិត សុខ ទូច ទុកឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ហើយសមត្ថកិច្ចពង្រឹងការងារឡើងវិញ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ទាក់ទងនឹងសៀវភៅបំពេញបន្ថែម មានចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលអ្នកលេងហ្វេសប៊ុក មួយចំនួនបានយកមកផ្សព្វផ្សាយ ក្នុងបំណងបំពុលសង្គមនោះ គឺជាសៀវភៅ ដែលបានពន្យល់បន្ថែម តាមដំណាក់កាលតាប្រវត្តិសាស្រ្ដដែលបានកើត និងធ្វើទំនើបកម្ម ដើម្បីកុមារចាប់សិក្សា និងទទួលបានចំណេះដឹង។
-សម្ដេចធីបតី ថ្លែងថា សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលជាគឺជាសៀវភៅសិក្សាបន្ថែម មានក្តោបខ្លឹមសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ចាប់ពីតាំងសម័យសង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ន ដែលមានប្រភពឯកសារមកពីឯកសារប្រវត្តិសាស្រ្តដែល បានចងក្រងកន្លងមក ឈរលើគោលជំហរប្រកាន់ខ្ជាប់នូវការពិត មិនក្រឡៃប្រវត្តិសាស្រ្ត ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ។
-សម្ដេចធិបតី ថ្លែងថា សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» មិនមែននិយាយពីការដឹងគុណប្រទេសណាមួយនោះទេ ប៉ុន្ដែគឺជាសៀវភៅ មានក្តោបខ្លឹមសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដើម្បីបន្សល់ទុកនូវតឹកតាងប្រវត្តិសាស្រ្ដដល់កូនខ្មែរគ្រប់ជំនាន់។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និស្សិតបញ្ញវន្តមុននឹងចែករំលែកព័ត៌មាន ឬខ្លឹមសារនៅលើបណ្ដាញសង្គម ឬបកស្រាយ សូមធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ចៀសវាងការចែករំលែកព័ត៌មានមិនពិតនាំឱ្យបំពុលសង្គម។
-សម្ដេចធិបតី ថ្លែងថា សៀវភៅនេះ មិនមាននិយាយអំពីការដឹងគុណរបស់មិត្តវៀតណាមនោះទេ។ សៀវភៅនេះ និយាយពីប្រវត្តិសាស្ត្រ និងការតស៊ូរបស់ថ្នាក់ដឹកនាំខ្មែរគ្រប់ជំនាន់ ។ សូមឱ្យក្រសួងអប់រំយុវជន និងកីឡាបោះ ពុម្ពផ្សាយបង្ហោះតាមអនឡាញ ដើម្បីឲ្យមហាជនប្រជាពលរដ្ឋយើងបានសិក្សាច្បាស់ ពីសៀវភៅនេះ ។
-សម្ដេចធិបតី ថ្លែងថា ក្នុងថ្មីៗនេះ ចលនាជំរុញស្មារតីជាតិនិយមនៅក្រៅប្រទេស កំពុងរុញចលនាជាច្រើនពាក់ព័ន្ធ នឹងបញ្ហាព្រំដែនកម្ពុជា និងប្រទេសជិតខាង ដូចជាករណី CLV, កោះគត់ និងមកដល់ពេលនេះ ប្រាសាទតាមាន់។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា រឿងព្រំដែនអ្នកណាក៏គិតរឿងព្រំដែនដែរ ក្នុងនោះរាជរដ្ឋាភិបាលគឺជាអ្នកគិត និងទទួលខុសត្រូវធំបំផុតចំពោះមុខប្រជាពលរដ្ឋ ហើយការងារនេះ គឺផ្អែកទៅលើការដោះស្រាយស្របទៅតាមច្បាប់ និងមូលដ្ឋានបច្ចេកទេសច្បាស់លាស់។
-សម្ដេចធិបតី ថ្លែងផ្ដាំទៅអ្នកនយោបាយទាំងអស់ ទាំងខ្មែរ និងថៃ សូមកុំយករឿងនយោបាយ ទៅលូកលាន់លើកិច្ចការងារបច្ចេកទេសរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារទាំងអស់ គឺលើគោលការបច្ចេកទេស ផែនទី និងច្បាប់អន្តរជាតិ ពាក់ព័ន្ធឹនងរឿងព្រំដែននេះ។
-សម្ដេចធិបតី ប្រាប់ឱ្យកងទ័ពកម្ពុជា និងថៃ បន្តឈរជើងនៅតាមទីតាំងរៀងៗខ្លួន ព្រោះកងទ័ពមិនទាន់ដល់ភារកិច្ចដោះស្រាយបញ្ហាព្រំដែននោះទេ ពោលគឺទុកឱ្យគណៈកម្មការជំនាញព្រំដែនប្រទេសទាំងពីរ បន្តដោះស្រាយលើកិច្ចការនេះដោយសន្តិវិធី ឈរលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។
-សម្ដេចធិបតី ថ្លែងថា កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធី ប៉ុន្ដែកម្ពុជាក៏រក្សាសិទ្ធិការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនមិនខ្លាច នឹងប្រើកម្លាំងប្រសិនបើមានអ្នកចូលមកឈ្លានពាន។
-សម្ដេចធិបតី ថ្លែងបង្ហាញការសោកស្ដាយ និងហួសចិត្ត ចំពោះក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលបន្តអួតខ្លួនឯងថាជាអ្នកស្នេហាជាតិរឿងទឹកដី ព្រំដែនកម្ពុជា ប៉ុន្ដែកន្លងទៅនៅពេលដែលប្រទេសជាតិមានបញ្ហាព្រំដែន គឺមិនដែលឃើញមុខក្រុមពួកគេចូលរួមជួយ ឬធ្វើសកម្មភាពណាមួយដើម្បីជួយរឿងព្រំដែននេះទេ។
-សម្ដេចធិបតី ថ្លែងថ្លែង ក្រោយការរិះគន់លើការ Boost នៅលើទំព័រហ្វេសប៊ុក សម្ដេច សុំសិទ្ធិការពារខ្លួនលើឯកជនភាព ហើយបានបញ្ជាក់ទៅកាន់អ្នករិះគន់ទាំងនោះ ថា មិនបានប្រើលុយជាតិឡើយ៕ដោយ៖តារា