អភិបាលខេត្តកំពង់ចាម អញ្ជើញបើកជុំរំយុវជន ក្រោមប្រធានបទ “ការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងបរិបទសង្គមសេដ្ឋកិច្ចកម្ពុជា”

ចែករំលែក៖

ខេត្តកំពង់ចាម ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញចូលរួមបើកជុំរំយុវជន ក្រោមប្រធានបទ “ការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងបរិបទសង្គមសេដ្ឋកិច្ចកម្ពុជា” ស្ថិតនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្រុកកងមាស។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ការបោះជុំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការងារអប់រំ ពីព្រោះការងារបោះជុំរំនេះធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឱ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គល ចេះទទួលខុសត្រូវក្នុងស្មារតីមិត្តភាព។ ម្យ៉ាងទៀតការបោះជុំរំយុវជនជាការងារ បង្កលក្ខណៈឱ្យយុវជនស្គាល់ភូមិសាស្ត្រ តម្លៃពិតនៃធម្មជាតិ ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួលបានចំណេះដឹង បំណិននានាបន្ថែម ទៅតាមគោលដៅ និងគោលបំណងដែលគណៈកម្មការរៀបចំកម្មវិធីជំរំបានគ្រោងទុក។ លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការបោះជុំរំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រង តាមបែបប្រព័ន្ធគ្រប់គ្រងស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានរៀបចំបែងចែកជាក្រុម ជាសាខា និងប្រគល់កិច្ចការទទួលខុសត្រូវតាមឋានានុក្រម ដូចជាប្រធាន អនុប្រធានក្រុម និងប្រធាន អនុប្រធានសាខាឱ្យដឹកនាំអនុវត្ត។
លោកអភិបាលខេត្ត ថ្លែងបន្តថា ទាំងអស់នេះហើយដែលគេហៅថា ការរៀនដោយការអនុវត្ត ហើយនៅពេលដែលក្មួយៗឆ្លងកាត់ការរៀនដោយការអនុវត្តនេះ ក្មួយៗនឹងមានស្មារតីម្ចាស់ការលើការងារគ្រប់គ្រងក្មួយៗនឹងទទួលបានបទពិសោធន៍ទៅតាមកម្មវិធីដែល គណៈកម្មការ បានកំណត់ និងណែនាំ។
លោក អ៊ុន ចាន់ដា បន្តថា ទន្ទឹមនឹងនោះក្មួយៗយុវជនបានហាត់ បានរៀនតាមការអនុវត្ត ដោយផ្ទាល់ ដើម្បីអភិវឌ្ឍបំណិនជីវិតរបស់ក្មួយៗក្នុងរយៈពេលនៃដំណើរការបោះជុំរំនេះ។ ដូចនេះការបោះជំរំ គឺជាសកម្មភាពជំរុញ និងលើកទឹកចិត្តយុវជនឱ្យទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាលអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់យុវជនឱ្យមានភាពពេញលេញ លើផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ និងបំណិនដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print