ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសញ្ជាក់ថា មានមតិ មួយចំនួនបានចោទប្រកាន់ទៅលើការដាក់បង្រៀនសៀវភៅប្រវត្តិវិទ្យាថ្មីថា ដើម្បីកែប្រែប្រវត្តិសាស្រ្តឱ្យខ្មែរដឹងគុណប្រទេសជិតខាង ដែលការចោទនេះ ពុំមែនជាការពិតនោះទេ ព្រោះថា ខ្លឹមសារនៅក្នុងសៀវភៅប្រវត្តិវិទ្យារក្សានៅដដែល គ្រាន់តែធ្វើទំនើបកម្មសៀវភៅឱ្យមានភាពល្អប្រសើរប៉ុណ្ណោះ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សៀវភៅប្រវត្តិវិទ្យាថ្មីនេះ គឺបានលើកឡើងពីប្រវត្តិសាស្រ្តពិតរបស់ប្រទេសកម្ពុជាទៅតាម ដំណាក់កាលនីមួយៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការព្រួយបារម្ភពីប្រទេសជាតិ មិនមែនជារឿងខុសនោះទេ ប៉ុន្តែអ្នកដែលព្រួយបារម្ភខ្លះ មិនបានទាំងអានសៀវភៅថ្មីនោះផង ដូច្នេះ យើងមិនត្រូវជឿទៅលើអ្វីដែលគេបាននិយាយនោះទេ ពោលគឺត្រូវស្រាវជ្រាវទៅលើបញ្ហាឱ្យបានច្បាស់ទើបយើងអាចធ្វើការសម្រេចចិត្តត្រឹមត្រូវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ក្រសួងអប់រំ ឱ្យបង្ហោះផ្សាយសៀវភៅប្រវិត្តវិទ្យាថ្មីទាំងនោះនៅលើបណ្តាញសង្គមដើម្បីបង្ហាញប្រាប់ប្រជាពលរដ្ឋទាំងអស់ថា សៀវភៅនេះ មិនបានបំភ្លៃប្រវត្តិសាស្រ្តឱ្យយើងដឹងគុណប្រទេសណាមួយនោះឡើយ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ទាក់ទងនឹងសៀវភៅបំពេញបន្ថែម មានចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលអ្នកលេងហ្វេសប៊ុក មួយចំនួនបានយកមកផ្សព្វផ្សាយ ក្នុងបំណងបំពុលសង្គមនោះ គឺជាសៀវភៅ ដែលបានពន្យល់បន្ថែម តាមដំណាក់កាលតាប្រវត្តិសាស្រ្ដដែលបានកើត និងធ្វើទំនើបកម្ម ដើម្បីកុមារចាប់សិក្សា និងទទួលបានចំណេះដឹង។
សម្ដេចធីបតីនាយករដ្ឋមន្រ្ដីបញ្ជាក់បន្ថែមថា សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលជាគឺជាសៀវភៅសិក្សាបន្ថែម មានក្តោបខ្លឹមសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ចាប់ពីតាំងសម័យសង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ន ដែលមានប្រភពឯកសារមកពីឯកសារប្រវត្តិសាស្រ្តដែល បានចងក្រងកន្លងមក ឈរលើគោលជំហរប្រកាន់ខ្ជាប់នូវការពិត មិនក្រឡៃប្រវត្តិសាស្រ្ត ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ។
៨សម្ដេចធិបតីនាយករដ្ឋមន្រ្ដី សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» មិនមែននិយាយពីការដឹងគុណប្រទេសណាមួយនោះទេ ប៉ុន្ដែគឺជាសៀវភៅ មានក្តោបខ្លឹមសារ ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដើម្បីបន្សល់ទុកនូវតឹកតាង ប្រវត្តិសាស្រ្ដដល់កូនខ្មែរគ្រប់ជំនាន់។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និស្សិតបញ្ញវន្តមុននឹងចែករំលែកព័ត៌មាន ឬខ្លឹមសារនៅលើបណ្ដាញសង្គម ឬបកស្រាយ សូមធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ចៀសវាងការចែករំលែកព័ត៌មានមិនពិតនាំឱ្យបំពុលសង្គម៕
ដោយ ៖ សិលា