រឿង ដង្ហើមស្នេហ៍ក្បែរកម្លាំងត្បូងចប (តចប់)

ចែករំលែក៖

* ទារុណកម្មបេះដូងរបស់សមមិត្តសុន÷
នាងសុនបានបាត់បង់ស្វាមី និងមិត្តជិតស្និទ្ធម្ដងមួយៗ។ នាងមានអារម្មណ៍កាន់តែខ្លាច កាន់តែឯកានិងឈឺចាប់ក្នុងចិត្តរកទីបំផុតគ្មាន។ នាងសង្ឃឹមថា នាងនឹងបានជួបធាន សង្សារបណ្ដូលចិត្តរបស់នាងហើយរួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ។ មួយអាទិត្យក្រោយមកមានក្រុមយុវជន យុវនារីច្រើននាក់ បានមកជួយជីកអាងត្រពាំងថ្ម។ នាងសុនបានជួបសមមិត្តស្រីថ្មីម្នាក់ឈ្មោះនាងហះ។
នាងសុន: ហះ! សមមិត្តធ្វើការនៅកន្លែងចាស់មានស្គាល់ឈ្មោះសមមិត្តហ៊ានឬទេ?
នាងហះ : ចាស!ស្គាល់តើ សមមិត្តគាត់មានប្រពន្ធហើយគាត់ទើបតែចាប់ដៃគ្នាកាលពី ២ ខែមុននេះ។
នាងសុន: ថាម៉េចគាត់មានប្រពន្ធហើយមែនឬ? នាងសុនបានប្ដូរទឹកមុខយ៉ាងក្រៀមក្រំ ហើយស្ទើរតែគាំងបេះដូងស្លាប់ ពេលដឹងថា សង្សារបណ្ដូលចិត្តរបស់ខ្លួនដែលធ្លាប់បានស្រឡាញ់គ្នាជាងបីឆ្នាំបែរជាក្បត់ចិត្តនាងលួចមានប្រពន្ធទៅវិញ!
នាងហះ: ចាសមែន! ប្រពន្ធរបស់គាត់ជាអ្នកភូមិរបស់ខ្ញុំដែរ។
ពេលរាត្រីស្ងាត់ មនុស្សម្នាបានដេកលង់លក់យ៉ាងសុខសាន្ត នាងសុនដេកមិនលក់សោះ នាងដេកបង្ហូរទឹកភ្នែកនឹកឃើញដល់ធាននឹកដល់ពាក្យស្នេហាផ្អែមល្ហែម នឹកដល់ពាក្យសន្យាថានឹងរៀបការនឹងគ្នា កាន់តែនឹក កាន់តែគិតទឹកភ្នែកនាងកាន់តែហូរ។ នាងឈឺចិត្ត នាងខូចចិត្ត នាងគិតថាជីវិតនាងលែងមានខ្លឹមសារទៀតហើយ។ នាងនឹងបញ្ចប់វាក្នុងយប់នេះ។ គិតរួចនាងសុនក្រោកដើរលបៗទៅក្រោមដើមត្នោតហើយសម្លឹងរកបង្អោងដែលចងភ្ជាប់នឹងដើមត្នោតនោះ។ ពេលបានឃើញហើយ នាងបានយកក្រមាដែលនាងបង់កមកចងនឹងបង្អោងនោះបម្រុងនឹងធ្វើអត្តឃាត។ នាងបានឡើងជាន់បង្អោងមួយៗ យឺតៗ ទឹកភ្នែកបានរមៀលស្រក់ជោកជាំផែនផ្ទាល់ទាំងសងខាង។ បេះដូងរបស់នាងបានលោតកាន់តែញាប់ នាងកាន់តែឈឺចាប់ឈឺហួសនឹងថ្លែង។នាងបានលើកក្រមាដែលចងជារង្វង់មកពាក់នឹងក រួចនាងទម្លាក់ខ្លួនដោយអារម្មណ៍ហោះហើរត្រសែតអណ្ដែតទៅរក ង៉េវ ជាស្វាមី និង មិត្តភក្កិរបស់នាង។ ត្រឹមមួយរំពេចភ្នែក ខ្លួនប្រាណរបស់នាងសុនបានធ្លាក់ដល់ដីឡើងហុយដីទ្រលោមដោយសារតែខ្នែងបង្អោងផុយស្រួយបាក់ដាច់មកទាំងសំណុំ។ នាងហះ ភ្ញាក់ដូចគេចាប់អង្រួនហើយបានរត់ទៅរកប្រភពសំឡេងរួចស្រែកថា សមមិត្តសុនៗ ឯងធ្វើអីហ្នឹង? ឯងឆ្កួតហើយឬ? ឯងមានវិបត្តិអ្វី?។ នាងសុនយកខ្នងប្រអប់ដៃទាំងសងខាងជូតទឹកភ្នែកហើយឆ្លើយតបទាំងអួលដើមកវិញថា សមមិត្តហះ ធានជាសង្សារខ្ញុំគាត់បានក្បត់ចិត្តខ្ញុំទៅមានប្រពន្ធហើយ។ ខ្ញុំឈឺចិត្តណាស់ៗ ។នាងសុននិយាយព្រមជាមួយសំឡេងស្រែកយំមួយទំហឹង។ នាងហះ បានលូកដៃអោបនាងសុន ហើយអង្អែលក្បាលនាងសុនថ្នមៗ ។សមមិត្តខ្ញុំយល់អារម្មណ៍មួយនេះ សមមិត្តយំមកចុះ យំឲ្យអស់ចិត្តទៅ ហើយព្យាយាមទទួលស្គាល់ការពិតថា នរណាដែលស្រឡាញ់យើងពិតប្រាកដ? នរណាដែលស្រឡាញ់យើងតែមាត់?។
* កន្ទេលក់បាត់ម្ចាស់ :
ពេលវេលាចេះតែកន្លងផុតទៅ នាងសុននឹករលឹកដល់មិត្តភក្តិដែលបានចែកឋានទៅយ៉ាងអយុត្តិធម៌។ នាងរឹតតែនឹកឃើញដល់ង៉េវដែលធ្លាប់តែជួយការងារធ្ងន់ស្រា និងបម្រើនាងដោយសេចក្តីស្រឡាញ់។ នាងបានយកកន្ទេលកក់ដែលង៉េវបានជូននាងមកឱបថើបថ្នមៗ ហើយរវើរវាយអណ្ដែតអណ្ដូងតែម្នាក់ឯងយ៉ាងកម្សត់។ នាងហះ ឃើញដូច្នោះក៏តឿននាងសុនឲ្យឆាប់ចូលដេកព្រោះស្អែកត្រូវក្រោកពីព្រឹកទៅការដ្ឋានជីកដីបង្ហើយ។
លុះព្រឹកឡើងនាងសុន នាងហះ និងក្រុមយុវជន យុវនារី បានដើរយ៉ាងស្វាហាប់ទៅកាន់ការដ្ឋានត្រពាំងថ្ម។ សម្រាប់ការងារនាពេលថ្ងៃត្រង់ នាងសុន និងនាងហះ បានជួបនឹងធាន និងប្រពន្ធគាត់ដោយចៃដន្យ។
ធាន: សុន!ឱ្យបងសុំទោសអូនផង បងគ្មានចេតនាចង់ក្បត់ចិត្តអូនទេ។ ប៉ុន្តែបងនែ…នែ…
នាងសុន: ខ្ញុំមិនស្គាល់សមមិត្តទេអ្នកជានរណា? នាងសុននិយាយទាំងទ្រូងស្ទើរឆេះ នាងប្រឹងទប់ទឹកភ្នែកមិនឱ្យស្រក់ចុះ។ នាងហះឃើញដូច្នោះក៏បបួល ។
* ចន្ទ្រាជួបតារាបុប្ផាត្រូវទឹកសន្សើម÷
នៅថ្ងៃទី ២ ធ្នូឆ្នាំ ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានបង្កើតឡើង ដែលមានអ្នកស្នេហាជាតិគ្រប់តំបន់ក្នុងប្រទេសកម្ពុជាបានចូលរួម ដើម្បីរំដោះប្រទេសជាតិឲ្យផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមហើយកសាងប្រទេសកម្ពុជា ស្របតាមឆន្ទៈ និងគោលបំណងរបស់ប្រជាជន។ ប្រជាជនខ្មែរ កងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានរំដោះប្រទេសកម្ពុជាពីរបបប្រល័យ ពូជសាសន៍ នៅថ្ងៃទី ៧ មករាឆ្នាំ ១៩៧៩។
ប្រទេសកម្ពុជាបានបង្រួបបង្រួមជាតិឡើងវិញប្រកបដោយសេចក្តីសុខ និងសន្តិភាព។ ក្រោយរបបប៉ុល ពត បានដួលរលំប្រជាជនខ្មែរមួយចំនួនបានទៅរស់នៅប្រទេសទី ៣ ដូចជាអាមេរិក បារាំង អូស្ត្រាលីជាដើម។ ចំណែកឯនាងហះ និងប្រជាជនផ្សេងទៀតបានវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។ ធាន និងប្រពន្ធកូនបានរស់នៅក្នុងភូមិ ឃុំ ស្រុកខេត្តជាមួយនឹងនាងសុនដែរ។ ធាន បានព្យាយាមគាស់កកាយរងើកភ្លើងស្នេហ៍ចាស់ជាមួយនាងសុនសាជាថ្មីវិញ តែនាងសុនបដិសេធរហូត ព្រោះនៅក្នុងចិត្តនាងសុននឹករលឹកដល់ ង៉េវ ដែលជាមនុស្សស្មោះនិងនាងតែម្នាក់ប៉ុណ្ណោះ។

ល្ងាចមួយ នាងសុន បានដើរលំហែកាយតាមមាត់អាងត្រពាំងថ្មតែម្នាក់ឯង។ នាងឈរក្រោមដើមត្នោតកន្លែងដែលនាងបានសុបិនឃើញដោយទឹកមុខក្រៀមក្រំ។ សំឡេងបុរសម្នាក់បានហៅឈ្មោះនាងយ៉ាងថ្នមៗនៅពីក្រោយខ្នងរបស់នាង ” អូនសុន” ។ នាងសុនបានងាករេបែររកប្រភពសំឡេងយ៉ាងស្រាលស្រទន់នោះដោយយឺតៗ។ នាងបើកភ្នែកធំៗ ចំហរមាត់ ទឹកភ្នែកស្រក់ហូរហើយរត់មួយទំហឹងទៅឱបបុរសនោះយ៉ាងណែនជាប់នឹងកាយរបស់នាង រួចនិយាយថា បង ង៉េវប្ដីសម្លាញ់ចិត្តអូន បងមិនទាន់ស្លាប់មែនទេ បងសម្លាញ់ អូននឹកប្ដីណាស់ បងកុំទៅណាចោលអូនណា អូនសូមអរគុណទេវតាដែលបានជួយបងឲ្យមកជួបជុំជាមួយអូនវិញ។
ង៉េវ បានរៀបរាប់ប្រាប់នាងសុនថា បងជាអ្នកទី ១០ ដែលឈ្លបខ្មែរក្រហមវាយសម្លាប់។ កម្លាំងដៃអ្នកវាយហាក់ដូចជាចុះខ្សោយពេលវាវាយបង បងឱនក្បាលងាករេ ស្របពេលវាយមកត្រូវចាំសាបង បងក៏ផ្តួលខ្លួនលើគំនរសពទាំងនោះទាំងឈឺរបួសយ៉ាងធ្ងន់ទៅលាក់ខ្លួនជ្រកកោនតាមជាយដែនខ្មែរថៃ។ រហូតដល់បានចូលរួមវាយកម្ចាត់ទ័ពខ្មែរក្រហមទទួលបានជោគជ័យជាមួយបងប្អូនយុទ្ធជនខ្មែរដទៃទៀត។
និយាយដល់ត្រង់នេះ ធីតា ដែលជាចៅស្រីរបស់ដូនសុនលាន់មាត់ថា រឿងលោកយាយវែងឆ្ងាយ និងកម្សត់ខ្លាំងណាស់។ចៅបានទទួលបទពិសោធន៍ច្រើនណាស់ពីរបបខ្មែរក្រហមពីរឿងរ៉ាវរបស់លោកយាយ។
ដូនសុន បានដឹកដៃចៅស្រីចូលក្នុងបន្ទប់គេង បន្ទាប់ពីនិយាយរឿងរ៉ាវរបស់គាត់អស់ពេញមួយក្បាលព្រលប់នេះ៕(ចប់ដោយបរិបូណ៌)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print