ខេត្តស្វាយរៀង: ដោយសារតែកត្តាសុខសន្តិភាពដែលធ្វើឱ្យប្រទេសយើងមានការរីកចម្រើននេះហើយ ទើបធ្វើឱ្យប្រទេសកម្ពុជារបស់យើងទទួលបាននូវការវិនិយោគជាច្រើនលើតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រសហគ្រាសជាច្រើនទៀតនៅក្នុងខេត្តស្វាយរៀង។
លោក អ៊ូ សុខឿនប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ កន្លែងបាននឹងកំពុងដំណើរការចំនួន ១១ កន្លែងដែលមានសហគ្រាសគ្រឹះស្ថានដែលបានចុះបញ្ជីសរុបចំនួន ១០១៤ កន្លែង មានកម្មករនិយោជិតសរុបចំនួន ១៣៤,៧១១ នាក់ ស្រីចំនួន ៧៧,៥៩៩នាក់ ក្នុងនោះមានកម្មករនិយោជិតខ្មែរចំនួន ១៣២,៦៣៣នាក់ ស្រីចំនួន ៥៩,៧០៦នាក់ បរទេសសរុបចំនួន ២,០៧៨នាក់ ស្រី៩៩០នាក់។
ជាក់ស្តែងនៅថ្ងទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងកលោក អភិបាលនៃគណៈអភិបាលខេត្តនិង លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាធិបតីនៅក្នុងពិធីប្រជុំផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ ខេត្តស្វាយរៀង។
លោក រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងយ៉ាងទទូចថា សូមឱ្យបងប្អូនទាំងអស់គ្នា ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីអត្ថប្រយោជន៍នៃ ប.ស.ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងចូលរួមប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា ព្រោះប.ស.ស បានកាត់បន្ថយការចំណាយរបស់បងប្អូនច្រើនណាស់ក្នុងជីវភាពជាប្រចាំថ្ងៃ។
អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រអទិភាពចំនួន ៥ រួមមាន:
១/. ការអភិវឌ្ឍន៍លក្ខខណ្ឌការងារនិងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។
២/. ការអភិវឌ្ឍន៍ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
៣/. អភិវឌ្ឍន៍មុខរបរនិងការងារ។
៤/. អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ។
៥/. ការពង្រឹងអភិបាលកិច្ចល្អ៕