រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំ ១២ ចំណុច «ទិវាវប្បធម៌ជាតិ»

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត សូមដាក់ចេញនូវវិធានការណែនាំ ១២ ចំណុច ទិវាវប្បធម៌ជាតិដូចខាងក្រោម៖

១- ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៧ គឺត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងន័យនេះ ក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាល ថ្នាក់ក្រោមជាតិអាចរៀបចំកម្មវិធីនិងសកម្មភាពគាំទ្រនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៧ ទាំងនៅទីតាំងផ្ទាល់ និង/ឬនៅលើបណ្តាញសង្គម ទៅតាមពេលវេលាសមរម្យណាមួយនៅក្នុងរយៈពេល ដែលបានកំណត់នេះ។

២- ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវរៀបចំឯកសារពាក់ព័ន្ធដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់មន្ទីរ វប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗពាក់ព័ន្ធនឹង ការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកនិង រមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ នៅមូលដ្ឋាន របស់ខ្លួន។ ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ សមាគម សហគមន៍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិការ នៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំទូលាយនៅក្នុងរយៈពេលនេះ ផងដែរ។

៣- ក្រសួងព័ត៌មានត្រូវណែនាំដល់បណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋនិងឯកជនទាំងអស់ចូលរួម ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរសាទរទិវាវប្បធម៌ជាតិ។

៤- ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមានសកម្មភាពបង្ហាញនិងប្រតិបត្តិ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សាអប់រំរដ្ឋនិងឯកជន។

៥- ក្រសួងទេសចរណ៍ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ តាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ។

៦- ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិត្រូវណែនាំដល់គ្រប់ស្ថានឯកអគ្គរាជទូត ស្ថាន អគ្គកុងស៊ុល ស្ថានកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស និងសហគមន៍ខ្មែរ នៅបរទេស ឱ្យចូលរួមរៀបចំកម្មវិធីនិងសកម្មភាពនានាដើម្បីប្រារព្ធទិវាវប្បធម៌ជាតិទាំងនៅទីតាំងផ្ទាល់ តាមបណ្តាញសង្គម និង/ឬតាមមធ្យោបាយផ្សេងៗទៀត។

៧- ក្រសួងធម្មការនិងសាសនាត្រូវបំផុសចលនាព្រះសង្ឃនិងគ្រប់សាសនិកឱ្យរៀបចំកម្មវិធីនិងសកម្មភាព នានាដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ នៅតាមទីអារាម វិហារសាសនា មណ្ឌលវិបស្សនា និងទីសក្ការៈផ្សេងៗ។

៨- ក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិត្រូវណែនាំទៅអង្គភាពមូលដ្ឋានដើម្បីរក្សាសន្តិសុខនិង សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៧ ឱ្យមានប្រសិទ្ធភាពនិងដោយ ស្មារតីទទួលខុសត្រូវខ្ពស់។

៩- រដ្ឋបាលរាជធានី ខេត្ត ត្រូវចូលរួមជួយឧបត្ថម្ភគាំទ្រដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីអាចរៀបចំ កម្មវិធីនិងសកម្មភាពផ្សព្វផ្សាយវប្បធម៌នៅក្នុងដែនដីរបស់ខ្លួន ដោយផ្តោតលើការអប់រំមហាជន ជាពិសេសយុវជន ឱ្យមានស្មារតីកាន់តែមុតមាំថែមទៀតនៅក្នុងការចូលរួមថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ព្រមទាំងរៀបចំចងបដាពាក្យស្លោកតាមទីសាធារណៈ និងការបិទគំនូរផ្សាយ វប្បធម៌នៅតាមទីតាំងសំខាន់ៗក្នុងដែនរដ្ឋបាលរាជធានី ខេត្តរបស់ខ្លួន។

១០- គ្រប់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន រោងចក្រ សហគ្រាស គេហដ្ឋាន និងសហគមន៍ខ្មែរនៅបរទេស ត្រូវចូលរួមប្រារព្ធនិងអបអរសាទរទិវាវប្បធម៌ជាតិ តាមមធ្យោបាយ ផ្សេងៗដែលមានដូចជា ការលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ និង/ឬសកម្មភាពសមរម្យនានានៅទីតាំងរបស់ខ្លួន ក៏ដូចជាតាមបណ្តាញសង្គម។

១១- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបដានៅតាមអង្គភាពនិងទីសាធារណៈ តាមខ្លឹមសារ ។

១២- អ្នកចូលរួមកម្មវិធីនិងសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ត្រូវស្លៀកពាក់ សមរម្យតាមបែបប្រពៃណីជាតិ ៕

...

ដោយ ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print