ខេត្តស្ទឹងត្រែង. នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១។
ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានមានមតិស្វាគមន៍ និងរាយការណ៍សង្ខេប ស្តីពីការងារអនុវត្តបានក្នុងឆ្នាំ២០២៤ និងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំំពោះគណៈប្រតិភូអមដំណើរគណៈអធិបតី ទាំងអស់ ដែលអញ្ជើញមកពីបញ្ជាការដ្ឋានយោធភូមិភាគទី១ ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុប ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មានប្រសាសន៍លើកឡើងថា ការសម្រេចបាននូវលទ្ធផលការងារល្អ គឺកើតចេញពីការរួមគ្នារបស់យោធិនយើងទាំងអស់ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចដែលរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក និងយោធភូមិភាគទី១ បានប្រគល់ជូន។ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បន្តមានប្រសាសន៍លើកឡើង អំពីសភាពការណ៍ថ្មីៗមួយចំនួន ជាពិសេសសភាពការណ៍នៅតាមខ្សែរបន្ទាត់ព្រំដែនជូនដល់បណ្តាកងឯកភាពចំណុះកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ទាំងអស់បានជ្រាប និងកើនរំលឹក ដល់បណ្តាកងឯកភាពចំណុះទាំងអស់ ដែលឈរជើងនៅជាប់តាមខ្សែរបន្ទាត់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតអោយបានជាប់ជាប្រចាំ ដើម្បីធានាការពារអោយបាននូវបូរណភាពទឹកដី និងទប់ស្កាត់អោយបាននូវរាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
ឧត្តមសេនីយ៍ទោ មេបញ្ជាការយោធភូមិភាគទី១ បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីការងារធានារក្សាសុខសុវត្តិភាព នៅក្នុងតំបន់ និងជាពិសេសការទទួលខុសត្រូវនៅតាមខ្សែរបន្ទាត់ព្រំដែនកន្លងទៅ កងពលតូចអន្តរាគមន៍លេខ១២៨ សម្រេចបានយ៉ាងល្អនូវការងារជាច្រើនដូចជា ការងារការពារថ្នាក់ដឹកនាំជាន់ខ្ពស់ ការងារប្រុងប្រៀបជួយសង្គ្រោះគ្រោះមហន្តរាយ ការងារសហការក្នុងភូមិសាស្ត្រ ការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាល អគ្គមេបញ្ជាការ កងទ័ពជើងគោក និងយោធភូមិភាគទី១ ស្តីពីផែនការសហការទប់ស្កាត់ បង្ក្រាបបទល្មើសការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ និងការងារកសាងប្រៀបការពារជាតិជាដើម។ ឆ្លងតាមរយៈលទ្ធផលការងារដែលសម្រេចបានកន្លងមកនៅក្នុងឆ្នាំ២០២៤ ឯកឧត្តម មេបញ្ជាការ ក៏បានបានដាក់ចេញនូវទិសដៅការងារថ្មីៗ មួយចំនួនសម្រាប់អនុវត្តបន្តនៅក្នុង ឆ្នាំ២០២៥ ផងដែរ។
ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានផ្តាំផ្ញើរ ដល់គ្រប់បណ្តាអង្គភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ហ្វឹកហ្វឺនរៀនសូត្រ តាមបណ្តាកងឯកភាព នូវយុទ្ធសាស្ត្រ យុទ្ធវិធី ជំនាញជាក់ស្តែង ការងារអប់រំចិត្តសាស្ត្រ សតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំងទៅតាមបណ្តាអង្គភាព និងមិនអោយមានការប្រើប្រាស់គ្រឿងញៀននៅក្នុងជួរកងយោធពលខេមរភូមិន្ទ ជាពិសេសគឺនៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ បានឧបត្តម្ភ ថវិកា ចំនួន ២.០០០.០០០រៀល . អង្ករ ចំនួន ១០០០គ.ក្រ និងត្រីខកំប៉ុង ចំនួន ១០០គ.ក្រ ដល់កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ចាត់ចែងប្រើប្រាស់តាមតម្រូវការ ៕
ដោយ : សិលា