ភ្នំពេញ÷ ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ និងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខការ៉ាស់សាំងតេលា ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនសង្ស័យឈ្មោះ ហង្ស វចនា ហៅស្នា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវណត់ប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញនាវេលាទៀបភ្លឺ។
កម្លាំងជំនាញបាននាំជនសង្ស័យនេះ មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕