ជនដៃដល់កាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួនបានហើយ

ចែករំលែក៖

ភ្នំពេញ ៖ ឈាមស្រែក ស្បែកហៅ ! ជនដៃដល់ម្នាក់ដែលបានធ្វើសកម្មភាពកាប់សម្លាប់ប្រពន្ធ នៅយប់ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះលើផ្លូវបេតុង ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបានហើយរំលងបានប៉ុន្មានម៉ោងក្រោយធ្វើសកម្មភាព។

ប្រតិបត្តិការតាមចាប់ជនដៃដល់រូបនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ ជនដៃដល់ដែលកាប់ប្រពន្ធឈ្មោះ ឈឹម បញ្ញាពិទូរ្យ អាយុ៤៣ឆ្នាំ ទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ និងជនរងគ្រោះឈ្មោះ ម៉ុង ស្រីនាង អាយុ៤៣ឆ្នាំ។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ រយៈកាលកន្លងមកជនរងគ្រោះ និងជនសង្ស័យជាប្តី ឧស្សាហ៍ឈ្លោះប្រកែកគ្នា បញ្ហាភ្លើងប្រច័ណ្ឌ និងទំនាស់គ្នាបញ្ហាលុយកាក់ ក្នុងការពុះដីឡូតិ៍លក់ និងសង់ផ្ទះល្វែងលក់ ដោយមូលហេតុបង្វិលលុយមិនទាន់។

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៖៥០នាទីរំលងអធ្រាត្រ ជនរងគ្រោះ និងជនសង្ស័យជាប្តី បានឈ្លោះប្រកែកគ្នានៅក្នុងបន្ទប់ដេក ពេលនោះឈ្មោះ ម៉ុង ប៉ោហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ លឺសម្លេងឈ្មោះប្រកែកគ្នា ក៏គោះទ្វារឲ្យបើក តែប្អូនស្រីមិនបើក ហើយក៏ដើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ដែលមានចំងាយប្រហែល១៥ម៉ែត្រពីផ្ទះកើតហេតុ។

ក្រោយមកខ្លួនក៏បានក្រឡេកឃើញរថយន្ត (មិនចាំម៉ាក ក្នុងស្ថានភាពងងឹត) ចត់នៅលើផ្លូវបេតុង ក្រៅរបង មុខផ្ទះកើតហេតុ ពេលនោះឃើញឈ្មោះ ចឹក សូយ ត្រូវជាប្អូនប្រុសបង្កើតរបស់ជនសង្ស័យ បានគ្រាបងប្រុសបង្កើតរបស់ខ្លួនចេញពីផ្ទះកើតហេតុ ឡើងជិះរថយន្ត ដែលចត់ទុកនៅខាងក្រៅរួចជាស្រេច ជិះគេចខ្លួនបាត់។ បន្ទាប់មកឈ្មោះ ម៉ុង ប៉ោហេង ដោយមានការសង្ស័យក៏បានដើរទៅបន្ទប់ដេករបស់បងស្រី បើកទ្វារចូល ឃើញបងស្រីដេកនៅលើគ្រែពូកក្នុងថ្លុកឈាម ដោយមានស្លាកស្នាមកាប់ពីរកន្លែង។

ពេលនេះ ខ្លួនក៏យករថយន្តផ្ទាល់ខ្លួនដឹកបងស្រី ទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ពេលទៅដល់ក្រុមគ្រូពេទ្យបានពិនិត្យជីពចរនៅលើរថយន្ត ហើយប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់មុនពេលមកដល់មន្ទីរពេទ្យ ដោយសារតែមិនអស់ចិត្តក៏បន្តដឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ក្រុមគ្រូពេទ្យបានពិនិត្យជីបចរ ហើយប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ។ បន្ទាប់មកឈ្មោះ ម៉ុង ប៉ោហេង ក៏បានដឹកសាកសព បងស្រីបង្កើត មកតម្កល់ នៅផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាផ្ទះរបស់ឪពុកបង្កើត)។
ដោយឡែកជនសង្ស័យជាឃាតក រត់គេចខ្លួន តែឈាមស្រែក ស្បែកហៅ ! ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបានហើយរំលងបានប៉ុន្មានម៉ោងក្រោយធ្វើសកម្មភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print