ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កន្លងទៅនេះ ដោយសារតែមានការយឺតយ៉ាវក្នុងការបើកផ្តល់ប្រាក់ជូនអតីតយុទ្ធជនដោយសារ បញ្ហាបច្ចេកទេស ក៏ស្រាប់តែមានមតិមួយចំនួនលើកឡើងថា ប្រហែលជារាជរដ្ឋាភិបាលអស់ថវិកា ហើយ ដែលការលើកឡើងបែបនេះ គឺជារឿងមិនពិតនោះទេ។
ក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មិនបានអស់ថវិកានោះទេ ប៉ុន្តែថែមទាំង មានលទ្ធផលដំឡើងប្រាក់បៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងបន្តផ្តល់ប្រាក់ឧបត្ថម្ភក្នុង១ឆ្នាំ២ដងថែមទៀតផង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែមានលទ្ធផលចំណាយទៅលើការជួយគាំពារប្រជាជន បង្កើនប្រាក់បៀវត្សមន្រ្តីរាជការជារៀងរាល់ឆ្នាំ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីអំពាវនាវដល់ប្រជាពលរដ្ឋ បន្តជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្ដិភាព ស្ថិរភាពជាតិ និងការអភិវឌ្ឍរបស់កម្ពុជាឆ្ពោះទៅគោលដៅកម្ពុជាឆ្នាំ ២០៥០ និងបន្តគាំពារដល់ប្រជាពលរដ្ឋ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ៖ ថវិកាសម្រាប់ជួយប្រជាពលរដ្ឋ លើគោលនយោបាយគាំពារសង្គម គឺមិនមានការកាត់បន្ថយនោះទេ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបន្តថា ៖ ថវិកាជាតិប៉ោងឡើង គឺរដ្ឋចំណាយទៅលើគោលនយោបាយគាំពារសង្គម និងការដំឡើងប្រាក់បៀវត្សមន្រ្ដីរាជការដែលមានការកើនឡើង មិនមែនយកទៅទិញនាវា ឬយន្តហោះចម្បាំងនោះទេ។ ប៉ុន្ដែរដ្ឋមិនអស់លុយទេ គឺរដ្ឋមានថវិកាសម្រាប់ដំឡើងប្រាក់បៀវត្សមន្រ្ដីរាជការ អតីតយុទ្ធជន និងគោលនយោបាយគាំពារសង្គមដល់ពលរដ្ឋទៅមុខទៀត៕
ដោយ ៖ សិលា