អ្នកនាំពាក្យបញ្ជាក់ថា ទស្សនកិច្ចលោកអភិសន្តិបណ្ឌិត ស សុខា ធ្វើឱ្យកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ក្នុងវិស័យមហាផ្ទៃ បោះជំហានប្រកបដោយវឌ្ឍនភាព!

ចែករំលែក៖

ភ្នំពេញ ៖ ទស្សនៈកិច្ចរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ក្នុងវិស័យមហាផ្ទៃ បានបន្តបោះជំហានប្រកបដោយវឌ្ឍនភាព

ជូនរាជរដ្ឋាភិបាល និងប្រជាជន ទាំងកម្ពុជា និងវៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត។

បើតាមលោក រ៉េន រតនៈ ក្នុងជំនួបចង្អៀត និងកិច្ចប្រជុំទ្វេភាគី លោកអភិសន្តិបណ្ឌិត ស សុខា និង លោក ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាត្រង់ទៅត្រង់មក អំពីបទពិសោធន៍ និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៤ ព្រមទាំងទិសដៅបន្តសម្រាប់ឆ្នាំ២០២៥។

លោក រ៉េន រតនៈ បានឱ្យដឹងថា ប្រធានបទសំខាន់ៗនៃជំនួបទាំងពីរកម្រិត មានជាអាទិ៍ ការថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ការអនុវត្តច្បាប់ ការផ្លាស់ប្ដូរព័ត៌មាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងសភាពការណ៍តំបន់ និងពិភពលោក ដោយភាគីទាំងពីរបង្ហាញការពេញចិត្តចំពោះលទ្ធផលសម្រេចបានក្នុងស្ថានភាពពិភពលោកមានការប្រឈមបញ្ហាស្មុគស្មាញ ទាំងបទល្មើសមិនប្រពៃណី ដូចជាអំពើឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស រួមទាំងបញ្ហាសង្គ្រាមប្រដាប់អាវុធ និងការប្រជែងភូមិសាស្រ្តនយោបាយ។

បន្ទាប់ពីបានពិភាក្សា និងផ្លាស់ប្ដូរព័ត៌មានគ្នាប្រកបដោយភាតរភាព លោកអភិសន្តិបណ្ឌិត ស សុខា និង លោក ឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ដែលបើតាមលោក រ៉េន រតនៈ រួមមាន ៖
ទី១-កិច្ចសហប្រតិបត្តិការការពារសន្តិសុខជាតិ កសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍។ទី២-កិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបឧក្រិដ្ឋកម្ម រក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ។
ទី៣-កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរគណៈប្រតិភូបំពេញទស្សនកិច្ចការងារ និងព្យាបាលជំងឺ ។
ទី៤-កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងបំពាក់បំប៉នមន្រ្តី ។
និងទី៥-កិច្ចសហប្រតិបត្តិការវិស័យភស្តុភារ និងសម្ភារៈបច្ចេកទេស។

បញ្ចប់របៀបវារៈការងារទ្វេភគីជាមួយក្រសួងនគរបាលវៀតណាម លោកអភិសន្តិបណ្ឌិត ស សុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ជួបសម្ដែងការគួសមជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ បើតាម លោក រ៉េន រតនៈ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បង្ហាញអំណរសាទរចំពោះទំនាក់ទំនងដ៏ល្អ និងបញ្ជាក់ពីការគាំទ្រពេញទំហឹងចំពោះថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលបានឯកភាពពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឈរលើស្មារតីភាពជា អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ជាពិសេសគឺស្មារតីនៃប្រវត្តិសាស្រ្តជាតិ ដែលប្រទេសទាំងពីរធ្លាប់ជួយគ្នាទៅវិញទៅមក គឺកម្ពុជាបានជួយវៀតណាមបង្រួបបង្រួមទឹកដី ហើយវៀតណាមក៏បានជួយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តីវៀតណាម ផាម មិញជិញ បានបង្ហាញការអបអរសាទរ និងគាំទ្រខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសការឈានទៅចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ដោយបានបង្ហាញការជឿជាក់ជាថ្មីទៀតថា ស្ថាប័នទាំងពីរនឹងបន្តកិច្ចសហប្រត្តិការល្អជាមួយគ្នាដើម្បីនាំមកនូវវិបុលភាពជូនរដ្ឋាភិបាល និងប្រជាជនទាំងសងខាង។ នេះបើតាមការឱ្យដឹងបន្ថែមពីអ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ដដែល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print