ក្រសួង​កសិកម្ម​៖​ ណែនាំដល់កសិករ​ខេត្តមណ្ឌលគិរី​ ឱ្យយកចិត្តទុកដាក់​តាមដានមើលស្ថានភាពសត្វល្អិតចង្រៃ ជុំវិញតំបន់ដាំដុះរបស់ខ្លួនឱ្យបានជាប់លាប់ ពីព្រោះរដូវ​កាល​នេះ​ជារដូវកាលប្រមូលផលដំណាំស្វាយចន្ទី និងម្រេច

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ រយៈពេល​ពីរ​ថ្ងៃ​ ពោល​គឺ​ចាប់​ពី​ថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឈុំ ឆុនលី អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ហាន សុភក្ដិ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​មណ្ឌល​​​គិរី និងមន្រ្តីជំនាញ បានចុះពិនិត្យការងារកសិកម្ម និងដំណាំ​ឧស្សាហកម្ម ប្រជាកសិករនៅក្រុងសែនមនោរម្យ និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ដំណើរបេសសកម្មនោះ លោកអនុរដ្ឋលេខាធិការ បានជួបសំណេះ​សំណាលជាមួយប្រជាកសិករ ដែលដាំដុះដំណាំឧស្សាហកម្ម និងបានវាយ​តម្លៃ​​ឃើញថា ខេត្តមណ្ឌលគិរី មានវឌ្ឍនភាពលើដំណាំស្វាយចន្ទី ម្រេច កាហ្វេ និងកាកាវ គួរឱ្យកត់សម្គាល់។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់​ដល់កសិករ​ឱ្យយកចិត្តទុកដាក់ក្នុងការពិនិត្យ តាមដានមើលស្ថានភាពសត្វល្អិតចង្រៃ ជុំវិញតំបន់ដាំដុះរបស់ខ្លួនឱ្យបានជាប់លាប់ និងច្បាស់លាស់ ពីព្រោះរដូវ​កាល​នេះ​ជារដូវកាលប្រមូលផលដំណាំស្វាយចន្ទី និងម្រេច។ ជាពិសេស​គួរ​អនុវត្តតាម​ការណែនាំ របស់មន្រ្ដីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ ក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បី​ធានា​​​​បាន​ដល់កម្រិតអតិបរមានូវទិន្នផលផលិតកម្ម ដំណាំឧស្សាហកម្ម​របស់​គាត់ឱ្យកាន់តែមានការវិវឌ្ឍន៍ឈានឡើងជាលំដាប់ទាំងបរិមាណ និងគុណភាព។

...

ជាចុងបញ្ចប់ លោក ឈុំ ឆុនលី បានណែនាំឱ្យកសិករប្រើប្រាស់​ពូជស្វាយចន្ទី របស់ជាតិដែលបានចុះបញ្ជីរួចហើយមានដូចជា៖​ ពូជអ៊ឹម-២៣ ហាស-០៩ អ៊ឹម-១០ និងពូជអ៊ឹម-៤ ជាដើម ។ ជាមួយ​គ្នានោះ​ លោក ក៏បានផ្តល់អនុសាសន៍ ដល់កសិករដែល​ដាំដំណាំ​ស្វាយចន្ទី ម្រេច កាហ្វេ និងកាកាវ គួរពិចារណា ក្នុងការចងក្រង​គ្នាបង្កើត​ជា​សហគមន៍​កសិកម្មទំនើប ដែលនឹងទទួលបានអត្ថប្រយោជន៍ច្រើន ហើយ​ស្របទៅនឹងគោលនយោបាយអភិវឌ្ឃន៍វិស័យកសិកម្ម របស់រាជ​រដ្ឋាភិបាលនៅអាណតិ្តទី៧នេះ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print