ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០៣ នាក់ខាងលើ និងបក្ខពួក ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចហាងកាហ្វេ យីហោ ទូទូ ក្នុងបុរីមហាសែនសុខ ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១១ និង ៣០ នាទី មានក្រុមក្មេងទំនើង០១ក្រុម មានគ្នា ចំនួន ០៩ នាក់ ជិះម៉ូតូចំនួន ០៥ គ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោ ចំនួន០១ដើម បានធ្វើសកម្មភាពកាប់ទៅលើម៉ូតូចំនួន ០៣ គ្រឿង ដោយមានម៉ាកហុងដាសេ១២៥ ចំនួន ០២ គ្រឿង និងម៉ាកស្កុបពី ចំនួន ០១ គ្រឿង ដែលចតទុកនៅខាងមុខ ហាងកាហ្វេមួយកន្លែងយីហោ ទូទូ ស្ថិតក្នុងបុរីមហាសែនសុខ ភូមិវិមានទ្រូង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឱ្យរងការខូចខាត រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនតែម្តង។ រហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣ នាក់ ១.ឈ្មោះ សុខ សែម ភេទប្រុស អាយុ១៥ឆ្នាំ ២.ឈ្មោះ សឿន សុងសីហ ភេទប្រុស អាយុ១៥ឆ្នាំ និង៣.ឈ្មោះ គឹម ឆាយហុង ភេទប្រុស អាយុ១៤ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំងនេះត្រូវបញ្ជូនទៅស៊ើបសួរក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្ត៕ ដោយ រ៉ារ៉ា