បន្ថែមលើផែនការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ អភិបាលរងគួរមានផែនការក្នុងវិស័យខ្លួនទទួលបន្ទុក!

ចែករំលែក៖

ភ្នំពេញ ៖ ផែនការការងារ ជាផែនការដែលរៀបចំឡើងក្នុងការកំណត់នូវគោលដៅ និងការរំពឹងទុកទៅលើការអនុវត្តការងារ។ ចំណែក ផែនការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ ជាផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើឱ្យមានការរីកចម្រើនមានស្ថិរភាព បង្កើតហេដ្ឋារចនាសម្ព័ន្ធល្អ ប្រកបដោយបរិស្ថានស្អាត និងលើកកម្ពស់ជីវភាពប្រជាជន។ នេះបើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

កន្លងមក មាននិស្សិតរដ្ឋបាលសាធារណៈមួយចំនួន បានបញ្ចេញមតិលើការបង្ហោះផ្សាយព័ត៌មានរបស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នូវសំណួរ និងទស្សនទានមួយចំនួន ដូចជា តើអភិបាលរងម្នាក់ៗគួរមានផែនការផ្ទាល់ខ្លួនសម្រាប់ធានាអនុវត្តផែនការឬភារកិច្ចដែលអភិបាលប្រគល់ឱ្យដែរទេ ខណៈខ្លះទៀត បានបញ្ចេញទស្សនថា ការទទួលការងារមកអនុវត្ត ដោយគ្មានផែនការ ប្រាកដជាមិនងាយស្រួលនោះឡើយជាដើម។

ចំណុចនេះអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានបង្ហាញការលើកទឹកចិត្ត ដោយសាកល្បងលើកឧទាហរណ៍ជាក់ស្ដែងមួយមកបញ្ជាក់ថា បើក្នុងនាមជាអភិបាលរងម្នាក់ទទួលបន្ទុកវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ អភិបាលរងរូបនោះ គួរយកផែនការរដ្ឋបាលស្រុកលើវិស័យមួយនេះមករៀបចំជាផែនការលម្អិតផ្ទាល់ខ្លួន ដូចជាត្រូវធ្វើអ្វីខ្លះ? ធ្វើដូចម្ដេច? និងធ្វើនៅពេលណា? ដើម្បីធានាបានថាការងារដែលអភិបាលប្រគល់ជូននោះត្រូវបានអនុវត្តប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។

លោក ហ៊ុន ចាន់ដែន អភិបាលរងស្រុក ពាមជរ ខេត្តព្រៃវែង បានប្រាប់មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃថា បច្ចុប្បន្នការងារដែលលោកទទួលបន្ទុកមានចំនួន៥ ជាអាទិ៍មាន ការងារច្រកចេញចូលតែមួយ គ្រឿងញៀន គ្រោះមហន្តរាយ ធនធានមនុស្ស និងគាំទ្រឃុំ សង្កាត់។ សម្រាប់លោក ដើម្បីឱ្យការងារទទួលបន្ទុ ជោគជ័យលោកក៏បានរៀបចំផែនការផ្ទាល់ខ្លួនមួយដែរ។ លោកបន្តថា ក្នុងរយៈពេលមួយខែម្ដង លោក និងក្រុមការងារតែងតែប្រជុំបូកសរុបលទ្ធផលការងារ ក្នុងការពិនិត្យមើលពីតម្រូវការចំបាច់របស់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីផ្តល់ងាយស្រួលកែសម្រួលផែនការនៅខែបន្តបន្ទាប់ទៀត។

លោកបន្ថែមថា « សម្រាប់ការអនុវត្តការងារប្រចាំថ្ងៃគឺ អនុវត្តន៍ទៅធ្វើតាមផែនការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌផង និងតាមផែនការដែលខ្ញុំបានរៀបចំផង  ដើម្បីផ្តល់ភាពងាយស្រួលក្នុងពិនិត្យលើភាពចាំបាច់ និងបន្ទាន់ ក្នុងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលផ្តោតទៅលើ ការផ្តល់សេវាច្រកចេញចូលតែមួយ គ្រឿងញៀន គ្រោះមហន្តរាយ ធនធានមនុស្ស និងគាំទ្រឃុំ សង្កាត់ជាអាទិភាព»។

ចំំណែក លោក វ៉ា ធីម អភិបាលស្រុកពាមជរ បានមានប្រសាសន៍ថា បន្ទាប់ពីបានប្រជុំ ពិភាក្សា និងរៀបចំផែនការអភិវឌ្ឍន៍ ក្រុង  ស្រុក ខណ្ឌរួចហើយ លោកក៏បានចាត់ចែងប្រគល់ផែនការទាំងនោះ ទៅឱ្យអភិបាលរងនីមួយៗ ព្រមទាំងបានណែនាំបន្ថែមឱ្យរៀបចំផែនការផ្ទាល់ខ្លួនដើម្បីអនុវត្តការងារដែលខ្លួនទទួលបន្ទុកសម្រេចបានលទ្ធផលជោគជ័យ។

លោកអភិបាលស្រុក បានបញ្ជាក់ថា«ខ្ញុំក៏តែងតែរម្លឹក ហើយពេលខ្លះក៏ពិនិត្យផ្ទាល់តែម្ដង លើផែនការការងារតាមវិស័យរបស់លោក លោកស្រីអភិបាលរង។ ធ្វើដូច្នេះគឺដើម្បីបានផ្ដល់មតិ ដឹកនាំតម្រង់ទិសគាត់បន្ថែមផង និងក៏ជាការពញាក់ពួកគាត់ផង ថាដល់ណាហើយការនេះ ឬការងារនោះ?  មានផែនការយ៉ាងម៉េចខ្លះដើម្បីធ្វើវា? ខ្ញុំជាអភិបាលក៏ងាយស្រួលដែរ នៅពេលអភិបាលរងម្នាក់ៗគាត់មានផែនការងារអនុវត្តតាមវិស័យទទួលបន្ទុកមួយច្បាស់លាស់ ព្រោះបើគាត់គ្មានផែនការទេ យើងពិបាកតាមដានការងារហ្នុងណាស់»។

សូមបញ្ជាក់ថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៤ ប្រទេសកម្ពុជាមានក្រុងចំនួន៣២ ខណ្ឌ១៤ និងស្រុកចំនួន ១៦៣ នេះបើតាមឯកសាររបស់នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្តនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ។ តាមច្បាប់ស្ដីពី គ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានអភិបាលរងចំនួន ២រូប ឬច្រើនជាងនេះអាស្រ័យលើទំហំទីតាំងភូមិសាស្រ្ត និងស្ថានភាពរបស់តំបន់។ អភិបាលរង គឺជាសេនាធិការឱ្យអភិបាល និងជាអ្នកជួយសម្រួលកិច្ចការងារមួយចំនួនរបស់អភិបាល៕

...

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print