ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំ “សៀវភៅ ស អង្គរ”

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្នុងស្មារតីឯកភាពជាតិ យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ប្រកបដោយការទទួលខុសត្រូវលើអនាគតតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលជាព្រលឹងជាតិខ្មែរនោះគឺមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ និងជីវភាពរស់នៅរបស់អ្នកស្រុកអង្គរ ប្រកបដោយចីរភាព។

ដើម្បីឆ្លើយតបទៅនឹងទស្សនទាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំ “សៀវភៅ ស អង្គរ” ដើម្បីពង្រឹងមូលដ្ឋានឯកភាពជាតិក្នុងការគិតគូរ តម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរួម និងពង្រឹងសាមគ្គីជាធ្លុងមួយ ដើម្បីរួមគ្នាអភិរក្សរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីឧត្តមប្រយោជន៍ជាតិខ្មែរ។

ជាមួយគ្នានេះ ក្រសួងកំពុងរៀបចំបទប្បញ្ញតិ្តប្រើប្រាស់ដី ដែលនឹងកំណត់ប្រភេទ និងលក្ខខណ្ឌនៃការប្រើប្រាស់ដី ក្នុងភូមិទាំង ១១៤ ព្រមទាំងគិតគូរលើការងាររៀបចំកែលម្អទីតាំងអាទិភាពក្នុងតំបន់រមណីយដ្ឋានអង្គរ និងទីតាំងលក់ដូរសម្រាប់ប្រជាពលរដ្ឋ។

កិច្ចប្រជុំពិភាក្សានាពេលនេះ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសំណូមពររបស់តំណាងពលរដ្ឋ និងអាជ្ញាធរក្នុង ១១៤ ភូមិ និងយកសំណូមពរនេះជាមូលដ្ឋានក្នុងការរៀបចំបទប្បញ្ញត្តិប្រើប្រាស់ដីនាពេលអនាគត។

កិច្ចប្រជុំពិភាក្សាលើការងាររៀបចំ និងគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ បានធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print