ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ប្តេជ្ញាសហការជាមួយក្រសួង-ស្ថាប័ន ដើម្បីបន្តកសាង និងកែទម្រង់ប្រព័ន្ធគាំពារសង្គម ដើម្បីពង្រីកការគ្របដណ្ដប់ ឲ្យបានកាន់តែប្រសើរ ជាប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប

ចែករំលែក៖

ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ បានប្រកាសប្តេជ្ញាសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកសាង និងកែទម្រង់ប្រព័ន្ធគាំពារសង្គម ដើម្បីពង្រីកការគ្របដណ្ដប់ ឲ្យបានកាន់តែប្រសើរ ជាប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។

ការប្រកាសប្ដេជ្ញាបែបនេះបានធ្វើឡើង ក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឲ្យអនុវត្ត ជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា «ក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ខ្ញុំក៏សូមប្តេជ្ញាសហកាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកសាង និងកែទម្រង់ប្រព័ន្ធគាំពារសង្គម ដើម្បីពង្រីកការគ្របដណ្ដប់ឲ្យបានកាន់តែប្រសើរ ជាប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប»។

បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន នឹងបន្តខិតខំពង្រឹងការប្រមូលចំណូល, ពង្រឹងប្រសិទ្ធភាពចំណាយ, បង្កើនលំហសារពើពន្ធ, និងបង្កើនការសន្សំសំចៃថវិកាជាតិ សំដៅបម្រើដល់គោលនយោបាយទាំងឡាយ របស់រាជរដ្ឋាភិបាល រួមបញ្ចូលផងដែរ នូវក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ក្នុងដំណាក់កាលថ្មីនេះ ដើម្បីពង្រីកការគ្របដណ្ដប់ឲ្យកាន់តែប្រសើរ ទៅតាមហានិភ័យនៃវដ្តជីវិត។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏សូមសម្ដែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានលះបង់នូវកម្លាំងកាយចិត្ត និងប្រាជ្ញា ស្មារតី ក្នុងការបន្តវេន ដឹកនាំប្រទេស ដោយបន្តយកចិត្តទុកដាក់ខ្ពស់ លើសុខុមាលភាព និង វិបុលភាពរបស់ពលរដ្ឋ និង បានតាំងចិត្តយ៉ាងមោះមុត ក្នុងការបន្តជំរុញអភិវឌ្ឍ «នាវាគាំពារសង្គមកម្ពុជា» ឲ្យកាន់តែរឹងមាំ និង បន្តដំណើរទៅមុខ ប្រកបដោយនិរន្តរភាព ឈានឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាព នៅពេញផ្ទៃប្រទេស។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន សូមគូសបញ្ជាក់ ម្ដងទៀតថា ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដំណាក់កាលថ្មីនេះ បានធ្វើការផ្លាស់ប្តូរ ពីអភិក្រមនៃការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គម តាមបែបសសរស្តម្ភ ទៅជាការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និង ការផ្តល់កិច្ចគាំពារ តាមហានិភ័យនៃវដ្តជីវិត ទាំង៧ រួមមាន ៖ មាតុភាព និង ហានិភ័យកុមារភាព, ហានិភ័យសុខភាព, ហានិភ័យការងារ, ពិការភាព, និកម្មភាព, ភាពគ្មានជម្រក, និង ជរាភាព និង ឧត្តរជីវី ដោយកំណត់នូវទិសដៅអន្តរាគមន៍គាំពារសង្គម តាមដំណាក់កាល នីមួយៗ ក៏ដូចជា កំណត់វិធានការគោលនយោបាយ សម្រាប់កិច្ចការឆ្លងវិស័យពាក់ព័ន្ធ ដើម្បីជួយជំរុញដំណើរការអភិវឌ្ឍ និងធានាមិនបង្កភាពរាំងស្ទះដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម, ទាំងដោយផ្ទាល់ និងដោយប្រយោល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print