អាសូរណាស់​លោក​អើយ! កុមារពីរនាក់បានស្លាប់ ក្នុងករណីផ្ទុះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម នៅស្រុកស្វាយលើ ខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប៖ ថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា៖ កុមារពីរនាក់បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ ៦៦ មម សំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមនៅភូមិក្រញូងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

អគ្គនាយកស៊ីម៉ាក់​ បានថ្លែងបញ្ជាក់ថា៖«នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានករណីគ្រោះថ្នាក់​ផ្ទុះគ្រាប់៦៦មម (ប្រភេទB-៦៣) ដែលជាសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម បណ្តាលឱ្យកូនក្មេងតូចៗអាយុ២ឆ្នាំចំនួន២នាក់បានស្លាប់ដោយម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ ករណីគ្រោះថ្នាក់កើតឡើងស្ថិតនៅភូមិក្រញូងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប»។

ជនរងគ្រោះ​រួមមាន៖ ១.ឈ្មោះ ម៉ូ លីសា ភេទ ស្រី អាយុ ០២ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ២.ឈ្មោះ ធំ យេន ភេទប្រុស អាយុ០២ ឆ្នាំ រស់នៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកអគ្គនាយក​ស៉ីម៉ាក់​រូបនេះ​ បានថ្លែងបន្តថា ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីននេះ ជាសោកវិនាសកម្មបានកើតមានឡើង​ដោយ​សារសំណល់យុទ្ធភណ្ឌសង្គ្រាម។ សង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុង និងសន្តិភាពពេញ​លេញ​មានជាង ២៥ឆ្នាំមកហើយ ​ប៉ុន្តែឈាមកូនចៅខ្មែរនៅតែបន្តហូរដោយសារសំណល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌសល់ពីសង្គ្រាម៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print