កាលពីថ្ងៃទី១៨ ខែសីហា ហ្វុីលីពីនបានទទួលនាវាយាមល្បាតលើកដំបូង១គ្រឿងក្នុងចំណោម ១០គ្រឿង ដែលជាជំនួយរបស់ជប៉ុននៅក្នុងកម្មវិធីផ្តល់ជំនួយអភិវឌ្ឍន៍យោធា ដើម្បីបង្កើនសម្ថភាពការពាររបស់រដ្ឋាភិបាលទីក្រុងម៉ានីល ក្នុងពេលដែលប្រឈមមុខតានតឹងដាក់គ្នាពាក់ព័ន្ធសមុទ្រចិនភាគខាងត្បូង។
សារព័ត៌មាន ក្យូដូរ បស់ជប៉ុនបានផ្សាយថា នាវាយាមល្បាតខាងលើមានប្រវែន ៤៤ម៉ែត្រ ផលិតដោយក្រុមហ៊ុន Marine United របស់ជប៉ុន ដែលចំណាយសម្រាប់ផលិតនាវាខាងលើប្រមាណ ១៥៨លានដុល្លារ ។
នាវាយាមល្បាតខាងលើត្រូវបានហ្វុីលីពីន ទទួល ហើយដាក់ឈ្មោះថា BRP Tubbataha ហើយនឹងដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកម្លាំងការពារដែនសមុទ្រហ្វុីលីពីន។ ក្រៅពីនេះនាវា ៩គ្រឿងទៀនឹងត្រូវប្រគល់ឲ្យហ្វុីលីពីនរហូតដល់ឆ្នាំ២០១៨។
អ្នកនាំពាក្យកម្លាំងការពារដែនសមុទ្រហ្វុីលីពីនលោក Armando Balilo បានឲ្យដឹងថា ក្រោយការដាក់ឲ្យប្រើប្រាស នាវា BRP Tubbataha មានតួនាទីយាមល្បាតនៅសមុទ្រចិនភាគខាងត្បូង តំបន់ដែលមានវិវាទស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ហ្វុីលីពីន។
ជាយូណាស់មកហើយហ្វុីលីពីនបានប្រឆាំងនឹងការពង្រីកអំណាចគ្រប់គ្រងរបស់ចិននៅសមុទ្រចិនភាគខាងត្បូង ហើយបណ្តេញអ្នកនេសាទហ្វុីលីពីនចេញពីដែនសមុទ្រដែលខ្លួនធ្លាប់នេសាទពីមុនមកក្នុងនោះមានប្រជុំកោះ Scarbouough ជាដើម។
ហ្វុីលីពីនក៏បានយកឈ្នះចិននៅក្នុងការប្តឹងឡើងទៅកាន់តុលាការអាជ្ញាកណ្តាលអន្តរជាតិនាពេលកន្លងមក ដោយតម្រូវឲ្យចិនចាក់ចេញពីតំបន់សមុទ្រហ្វុីលីពីន។ តែរយៈពេលកន្លងមកចិនបានធ្វើប្រងើយ មិនចាកចេញពីតំបន់នោះឡើយ ហើយថែមទាំងបញ្ចូនកម្លាំងជាច្រើនទៅកាន់ទីនោះផងដែរ។
កន្លងមកចិនស្នើឲ្យជប៉ុនចាកចេញពីតំបន់សមុទ្រចិនភាគខាងត្បូងមិនត្រូវលូកដៃនោះឡើយ អាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ។ ចិននិងជប៉ុនពេលនេះកំពុងតែមានវិវាទនៅដែនសមុទ្រភាគខាងកើត ជុំវិញប្រជុំកោះសែនកាគូ ។ នៅពេលនេះជប៉ុនបានដាក់មីស៊ីលជាច្រើននៅលើកោះជុំវិញនោះក្នុងគោលដៅការពារដែនអធិបតេយ្យរបស់ខ្លួន៕
ប្រែសម្រួល៖ ម៉ែវ សាធី